ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ៏ ទី០២ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ផ្ទាល់ដីអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា(០៧.០១.១៩៧៩-០៧.០១.២០២៤) ពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ(២៤ មករា ១៩៩៩-២៤ មករា ២០២៤) ផែនការស្តីពីយុទ្ធដំណើរទ័ពពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ២៣ខេត្ត និងត្រួតពិនិត្យការរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ និងគ្រឿងចក្រ ដើម្បីហ្វឹកហាត់រួមគ្នាជាមួយកម្លាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រៀមចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ(២៤ មករា ១៩៩៩-២៤ មករា ២០២៤)ចាប់ពីថ្ងៃទី០៨-២៣ ខែមករា ឆ្នាំ២០២៤។
មិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៏លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា(០៧.០១.១៩៧៩-០៧.០១.២០២៤) នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងរណបកោះពេជ្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការនៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងមហាជនប្រមាណជាងពីរមុឺននាក់។
ចំណែកឯពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ(២៤ មករា ១៩៩៩-២៤ មករា ២០២៤) នឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គទូត សេនានុពន្ធ័ អនុពន្ធយោធាបរទេសប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឧត្តមសេនីយ៍ សេនាធិការធិការរង ឧត្តមសេនីយ៍ ស្នងការ ស្នងការរង ស្នងការដ្ឋានទាំង៧ នាយការិយាល័យហិរញ្ញវត្ថុ ខុទ្ទកាល័យ ការិយាល័យពាក់ព័ន្ធ មេបញ្ជាការកងវរសេនាតូច មេបញ្ជាការកងអន្តរាគមន៍ និងភ្ជាប់ Video Conference ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាកងរាជអាវុធហត្ថទាំង២ផងដែរ។