ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺជាបុគ្គលសំខាន់ណាស់ក្នុងការកំណត់ទិសដៅអនាគត ធានាស្វែងរកសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន។
ក្នុងន័យនេះ សម្តេចតេជោ ដែលជាឥស្សរជននយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ បានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ។ ភាពប្រត្យក្ស និងសច្ចធម៌នេះ ពិតជាបានបង្ហាញថា សម្តេចតេជោ មានគុណធម៌ និងគុណសម្បត្តិលើសលប់ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល ដែលខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង។
ការបញ្ជាក់នេះ នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុង វត្តសំរោងរ័ត្នស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះ។