ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតវៀតណាម ជឿជាក់លើជំហានទៅមុខនៃទំនាក់នងប្រទេសជិតខាងទាំងពីរ

42

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំដូចគ្នាថាទំនាក់ទំនងកម្ពុជា-វៀតណាម នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ការបង្ហាញសុទិដ្ឋិនិយមលើទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដូចបានបញ្ជាក់មកនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី  អនុញ្ញាជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលក្នុងនោះក៏មានការពិភាក្សាលើការងារបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ផងដែរ។

ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត វៀតណាម ដែលតែងយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃ ប្រទេសទាំងពីរ ព្រមទាំងបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ រវាងកម្ពុជា និងវៀតណាម។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេស ការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងតាមព្រំដែន រួមចំណែករក្សាសន្តិសុខ ស្ថេរភាព និងសុវត្ថិភាពសង្គម និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវការ និងលទ្ធផល នៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបណ្តាថ្នាក់ដឹកនាំវៀតណាម ក្នុងឱកាស សម្តេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ នាពេលកន្លងទៅថ្មីៗនេះផងដែរ៕