មន្ទីរប្រឆាំងគ្រឿងញៀន ចេញលិខិតបង្គាប់ការផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលជាតិចំនួន ១៥នាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ ។ នេះបេីយោងតាមលិខិតបង្គាប់ការចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
មន្ត្រីនគរបាលជាតិទាំង ១៥នាក់ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលផ្អាកការងារបណ្តោះអាសន្ន គឺមានតួនាទីនាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្ត្រី។
សូមជម្រាបថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើមន្ត្រីដែលរកឃើញថាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ។ ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរឹងផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តែងតែបញ្ជាក់ថា មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរ៕