កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃា.ត់ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនា

43

ភ្នំពេញ​ ៖​ ជនសង្ស័យចំនួន២នាក់ព្រួតវាយបុរសម្នាក់បណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង២៣​ ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចភូមិ​ ត្រពាំង​ល្វា​១​ ​សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​  រហូតមកដល់ថ្ងៃទី​០៦​ ខែមីនា​​ ឆ្នាំ​២០២២​ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​កម្លាំងផ្នែក​ជំនាញ​ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យទី១​ ឈ្មោះ បូ​ វណ្ណី​ ភេទប្រុសអាយុ៣០ឆ្នាំ​ មុខរបរជាងភ្លេីង​។ទី២​ឈ្មោះ បេន​ ដារ៉ា​ ភេទប្រុសអាយុ៣០ឆ្នាំ​ មុខរបរជាងជួសជុលទូរស័ព្ទ​ អ្នកទាំងពីរ​ ស្នាក់នៅភូមិ​ ត្រពាំង​ល្វា​១​ ​សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ចំណែកជនរងគ្រោះឈ្មោះ លាយ​ ស៊ីនឿន​ ភេទប្រុសអាយុ២៨ឆ្នាំ​ មុខរបរជាងភ្លេីង​ ស្នាក់នៅភូមិ​ ត្រពាំង​ល្វា​១​ ​សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

យោងតា​មរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីថ្ងៃវេលាម៉ោង១៥និង១៥​នាទី​ ថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២២​ ជនរងគ្រោះបានធ្វេីដំណេីរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលកាកាបទី១ប្រាប់ថា​ ជនសង្ស័យខាងលេីបានព្រួតវាយរូបគាត់បណ្តាលឱ្យរងរបួស​ តែដោយសារអាការៈមិនស្រួលខ្លួនក៏សុំទៅព្យាបាលសិន។

សមត្ថកិច្ចបន្តថា​ ក្រោយពីជនរងគ្រោះទៅបានបន្តិចក៏បានរាយការណ៍មកវិញថា​ ឃេីញជនសង្ស័យនៅបន្ទប់ជួលភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅនាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលតែម្តង។ ក្រោយពីសួរនាំជនសង្ស័យខាងលេីបានសារភាពថាពួកគេពិតជាបា​នព្រួតវាយជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងផឹកស៊ី។ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននិងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​កម្លាំងផ្នែក​ជំនាញ​ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕