ភាពអសកម្មរបស់ លោក វង្ស សៀងហាក់ ចៅសង្កាត់កាកាប២ ធ្វើឱ្យប្រជាពលរដ្ឋរាប់រយគ្រួសាររិះគន់ពេញៗមាត់

23

ភ្នំពេញ៖ អស់រយៈពេលជាង១ឆ្នាំ ក្រោយពីលោក វង្ស សៀងហាក់ មកកាន់តំណែងជាចៅសង្កាត់កាកាប២ ប្រជាពលរដ្ឋ រួមទាំងមន្ដ្រីក្រោមឱវាទហាក់មិនពេញចិត្ដ និងទទួលបានការិះគន់ឥតសម្ចៃមាត់ ខណៈលោក វង្ស សៀងហាក់ គ្មានខ្វាយខ្វល់ពីការរិះគន់របស់ប្រជាពលរដ្ឋបន្ដិចឡើយ។

តាមប្រភពពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងសង្កាត់កាកាប២បានបង្ហើបប្រាប់ថា លោកចៅសង្កាត់កាកាប២ នាពេលបច្ចុប្បន្ននេះ លោក វង្ស សៀងហាក់ គឺមិនខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនោះទេ ពោល រាល់ឯកសារដែលប្រជាពលរដ្ឋមកស្នើសុំ គឺមានភាពយឺតយ៉ាវ និងមានឯកសារខ្លះទៀត គឺលោកមិនព្រមធ្វើឱ្យតែម្ដង។

បុរសម្នាក់រស់នៅក្នុងសង្កាត់កាកាប២ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ចៅសង្កាត់រូបនេះហាក់ដូចជាមិនបំរើរាស្ដ្រជាម្ចាស់ឆ្នោតនោះទេ ពោលគឺលោកមិនសូវអើពើ រាល់ឯកសារដែលប្រជាពលរដ្ឋ បានដាក់ស្នើសុំ ឬបញ្ជាក់ ដូចជា លិខិតជួលដី ជួលផ្ទះ ជួលឃ្លាំង រោងចក្រ បញ្ជាក់ទីតាំងប្រកបមុខរបររកស៊ី លិខិតស្នាក់នៅបណ្តោះអាសន្ន និងលិខិតផ្សេងៗជាច្រើនទៀត។ល។

បុរសម្នាក់នេះបន្ដទៀតថា នៅពេលប្រជាពលរដ្ឋទៅស្នើសុំសេវាសាធារណៈនៅសង្កាត់កាកាប២ម្ដងៗ ហាក់ដូចជាទៅសុំភ្លើងយក្សអញ្ចឹង និយាយជារួម ការងារគឺមានភាពយឺតយ៉ាវ ដូចមិនខ្វាយខ្វល់អ្វីបន្ដិចសោះឡើយ ហើយប្រជាពលរដ្ឋតែងតែទទួលរងនូវពាក្យ ត្រគោះបោះបោក ដូចជាមើលងាយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដែលរស់នៅក្នុងសង្កាត់កាកាប២តែម្តង។

គួរំលឹកផងដែថា កន្លងមកលោកចៅសង្កាត់ វង្ស សៀងហាក់ រូបនេះ ត្រូវបានលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ធ្លាប់ហៅទៅធ្វើការណែនាំម្តង ជាពីដងរួចមកហើយដែរ ក៏ប៉ុន្ដែរូបលោកហាក់បីដូចគ្មានការកែប្រែ និងអនុវត្ដដូចការណែនាំរបស់លោកអភិបាលខណ្ឌសោះឡើយ នៅតែប្រព្រឹត្ដិដដែលជាដដែល បន្ដនូវមានភាពអសកម្ម និងភាពយឺតយ៉ាវការងារ នូវការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ លោកចៅសង្កាត់ វង្ស សៀងហាក់ បានធ្វើដំណើរចេញទៅក្រៅប្រទេស មានរយៈពេល ៤ថ្ងៃ តែរូបលោកពុំមានការផ្ទេរសិទ្ធិ ឱ្យទៅមន្ដ្រីថ្នាក់ក្រោមរូបណា អនុវត្ដបន្ដពីលោកនោះឡើយ ខណៈដែលលោកមិនមានវត្ដមាននៅក្នុងប្រទេស។ តើលោកចៅសង្កាត់កាកាប២រូបនេះ មានចេតនាអ្វីឱ្យប្រាកដ ឬមួយលោកកំពុងមានមហិច្ឆតាល្មោភអំណាច ផ្ដាច់មុខតែម្នាក់ឯង?

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានចោទសួរថា បើលោកចៅសង្កាត់ធ្វើបែបនេះ តើប្រជាពលរដ្ឋដោះស្រាយបញ្ហា សម្រាប់ជីវភាពបានដោយរបៀបណា?នៅពេលពលរដ្ឋមានទុក្ខលំបាក ត្រូវការឯកសារទៅបំពេញការងារប្រកបមុខរបរ បែរជាលោកចៅសង្កាត់មានភាពអសកម្ម និងយឺតយ៉ាវដូចនេះ?

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាប២រាប់រយគ្រួសារ ពិតជាមិនពេញចិត្ដចំពោះទង្វើរបស់លោក វង្ស សៀងហាក់ ដែលមកកាន់ដំណែងជាចៅសង្កាត់កាកាប២នេះទេ ព្រមទាំងសំណូមពរដល់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្ដាពិនិត្យ និងផ្លាស់ប្ដូរសមាសភាពចៅសង្កាត់ថ្មីមកគ្រប់គ្រងជំនួសលោក វង្ស សៀងហាក់ វិញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវភាពសុខសាន្ដ និងបង្ករភាពងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាប២នេះផង។
អត្ថបទរូបភាព៖ គ្រុបព័ត៌មានសាមគ្គីថ្មី