ឧបករណ៍នេសាទរបាំងសាច់អួនទំនើបជាច្រើនកន្លែងកំពុងពង្រាយដាក់ស្ទាក់ចាប់ត្រីនៅតាមចរន្តទឹកបឹងទន្លេសាបក្នុងស្រុកបាកាន
ចេញផ្សាយដោយគេហទំព័រVPN
ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣
(ខេត្តពោធិសាត់)៖ឧបករណ៍របាំងសាច់ឈឹបក្រហមខៀវទំនើបរាប់សិបខ្សែ ត្រូវបានអ្នកយកព័ត៌មានយើងប្រទះឃើញកំពុងបង្ហាញវត្តមាន នៅលើផ្ទៃទឹកទន្លេ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ ព្រែកទាល់ និងភូមិ ដីរនាតឃុំ មេទឹក ស្រុក បាកានខេត្តពោធិសាត់។
ជាក់ស្ដែងចាប់តាំងពីទឹកទន្លេចាប់ផ្តើមឡើង នាក្នុងរដូវបិតនេសាទដែលជារដូវត្រីពងកូនឆ្នាំ២០២២.២០២៣នេះ របាំងសាច់អួនទំនើប ត្រូវបានក្រុមឈ្មួញ ដាក់ពង្រាយស្ទាក់ចាប់ត្រីយ៉ាងពេញបន្ទុក បើយោងតាមសេចក្ដីរាយការណ៍គឺដោយ
សារតែមានការឃុបឃិតគ្នាមានលក្ខណៈជាប្រព័ន្ធជាមួយនឹង សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគឺមន្ត្រីជំនាញរដ្ឋបាលជលផល ដែលមានលោក លឹមសុក្រិតនាយសង្កាត់លោកភំុវិមល នាយខ័ណ្ឌ លោកហៃធូរ៉ាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តពោធិសាត់ បានបណ្ដែតបណ្ដោយ អោយមានបទល្មើសរបាំងសាច់អួនទាំងនោះក្នុងមួយខ្សែៗមានប្រវែងចាប់ពី៥០០ទៅ១០០០ម៉ែត្រដាក់បន្តគ្នាចាប់ពីក្នុងព្រៃ
រហូតមកដល់កណ្ដាលទន្លេតែម្ដង។
យោងតាមប្រភពបានឲ្យដឹងថា ការបើកដៃឲ្យមានបទល្មើស របាំងសាច់អួននារដូវបិទនិងបើកនេសាទនេះ ដោយពួកគេមានមេខ្យល់ ប្រមូលលុយរត់ការ បង់ឲ្យសមត្ថកិច្ចគ្រប់ ជំនាញពាក់ព័ន្ធ ជាពិសេស ប្រភពបានបង្ហើបឲ្យដឹងថា បង់ឲ្យលោកនាយសង្កាត់និងលោកនាយខណ្ឌ ប៉ុន្តែគេមិនបានបញ្ជាក់ថា បង់ឲ្យប៉ុន្មានោះទេ ។
ការបណ្តែតបណ្តោយ ឲ្យមានបទល្មើសនេសាទបែបនេះ ខណៈរដូវត្រីពងកូន គេមិនសង្ឃឹមថា ផលនេសាទមានការកើនឡើង ផ្ទុយទៅវិញ បានបង្ក វិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដល់ធនធានមច្ឆាជាតិ ។
បើតាមការរៀបរាប់ពីអ្នកដាក់របាំងលបទាំងនោះ បានឲ្យដឹងថាការដែលពួកគេប្រកបរបដាក់របាំងស្ទាក់ចាប់ត្រីទៅបាននោះ ក៏ដោយសារតែពួកគេអាងមេខ្យល់ពូកែខាងរត់ការ បង់លុយអោយគ្រប់សមត្ថកិច្ចជាពិសេស គឺមន្ត្រីរដ្ឋបាលជលផលតែម្ដង ទើបពួកគាត់ហ៊ានដាក់វែងៗចឹង ។
ប្រជានេសាទដែលប្រកបមុខរបនេសាទលក្ខណៈគ្រួសារ បានរអូរទាំថា ពីមួយឆ្នាំទៅមួយឆ្នាំ ត្រីកាន់តែក្រទៅៗគឺដោយសារតែមន្ត្រីសមត្ថកិច្ច ជាពិសេសគឺសង្កាត់ ផ្នែក ខណ្ឌ ចូលដៃចូលជើងជាមួយនឹង ជនល្មើសបង្កើតនូវឧបករណ៏ខុសច្បាប់ ស្ទើតែគ្រប់កន្លែង ជាពិសេស គឺនៅតំបន់ព្រែកខ្ញែងនិងតំបន់ព្រែកក្រ និងតំបន់ដីរនាតនេះតែម្ដង ។
ប្រជានេសាទរិះគន់ថា ចាប់តាំងពី លោកភំុវិមល ឡើងជាមេខ័ណ្ឌមកគឺបទល្មើសកាន់តែកើនឡើងៗ ដោយក្នុងស្រុកនិមួយៗពោពេញទៅដោយ បទល្មើសគ្រប់ប្រភេទ ទាំងរដូវបិតនេសាទនិងរដូវបើកនោះ។
ប្រជាពលរដ្ឋបានអំពាវនាវ សូមឲ្យថ្នាក់លើ ជាពិសេស អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ មេត្តាចាត់វិធានការ បង្ក្រាប ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា បើពុំនោះសោទ ធនធានមច្ឆាជាតិ ដែលសុទ្ធសឹងជាត្រីមេពូជ ប្រាកដជាហិនហោចមិនខានឡើយ ៕