ក្រុមចោរធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋជាច្រើនករណី ចំនួន៥នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ បង្ក្រាបបានដោយជោគជ័យ…

66

កណ្តាល៖ក្រុមចោរធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋជាច្រើនករណី ចំនួន៥នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ បង្ក្រាបបានដោយជោគជ័យ ជាបន្តបន្ទាប់ នាពេលថ្មីៗនេះ ។

តាមប្រភពព័ត៌មានចុងក្រោយ ដែល VPN ទើបទទួលបាន គឺ ក្រុមចោរប្លន់ទាំងនេះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ត្រូវបាន លោកស្រី ពេជ មារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយ ពីបទ «លួចមានស្ថានទម្ងន់ទោស» បទ «អំពើលួច» បទ «ទទួលផលចោរកម្ម» និង បទ «ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ នៃក្រមព្រហ្មទណ្ឌ និង មាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បទល្មើសជាច្រើននេះ បានប្រព្រឹត្តឡើងនៅចំណុចផ្លូវ៥០ម៉ែត្រ មុខវត្តគោកអំពិលភូមិព្រឹកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ  រាជធានីភ្នំពេញ និង នៅចំណុចផ្លូវ៣៦៩ ភូមិកោះក្របី  សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង នៅចំណុចផ្លូវជាតិលេខ២ កែង៦០ម៉ែត្រ ភូមិបត្តាជី១  សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីអំឡុងខែកុម្ភៈ ខែមីនា ឆ្នាំ២០២២ នេះ ។

បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល គឺ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបរហូតទទួលបានជោគជ័យ ។

ជនរងគ្រោះទី១ ឈ្មោះ ម៉ៅ រតនៈ  ភេទប្រុស  អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិគោកឱឡឹក  សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ មុខរបរនគរបាលក្រសួងមហាផ្ទៃ ជនរងគ្រោះ ទី២ ឈ្មោះ ប្រក់ សុភីន  ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរបុគ្គលិកក្រុមហ៊ុន និង ជនរងគ្រោះ ទី៣ ឈ្មោះហេង គឹមហួរ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ  មុខរបរបុគ្គលិកក្រុមហ៊ុន ។

ចំណែកជនសង្ស័យ៥នាក់ ទី១ ឈ្មោះ វន ពេជ្រ អាយុ២៣ឆ្នាំ ទី២ឈ្មោះ យូ ផាន់នាង ហៅចយ អាយុ១៩ឆ្នាំ ទី៣ឈ្មោះ រស់ ស៊ីដា  អាយុ៣៦ឆ្នាំ ទី៤ឈ្មោះ តៃ អាយុ២៣ឆ្នាំ និង ទី៥ឈ្មោះជា ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ ។

បើតាមសមត្ថកិច្ច គឺ ក្រុមជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលករណីលួច និង ជួញដូរគ្រឿងញៀន ផងដែរ ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ VPN បន្ថែមថា ករណីទី១ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមជនសង្ស័យបានធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក Honda សេ១២៥ ស៊េរីឆ្នាំ២០២១ ពីជនរងគ្រោះឈ្មោះ ម៉ៅ រតន:  នៅចំណុចមុខវត្តគោកអំពិល ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ  ហើយនាំគ្នាជិះរត់គេចខ្លួនបាត់អស់ទៅ។

ករណីទី២ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមជនសង្ស័យ បាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យក ម៉ូតូមួយគ្រឿងម៉ាក Honda Beat  ពីនារីរងគ្រោះ នៅតាមផ្លូវភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ហើយជិះគេចខ្លួនបាត់ទៅ ។

ករណីទី៣ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី  ក្រុមជនសង្ស័យបានធាក់ប្លន់យកបានម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពីជនរងគ្រោះឈ្មោះ ហេង គឹមហួរ នៅចំណុចផ្លូវជាតិលេខ២កែង៦០ម៉ែត្រ  ហើយជិះរត់គេចខ្លួនបាត់ទៅ ។

ករណីទី៤ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២  ជនសង្ស័យឈ្មោះ រស់ ស៊ីដា និង ឈ្មោះ គា ស្រ៊ា បាននាំគ្នាជិះម៉ូតូ Viva  សណ្តោងរ៉ឺម៉កកង់បី ទៅលួចដែកនៅចំណុចផ្ទះទុកចោលមួយកន្លែង នៅចំណុចភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  ហើយក៏ត្រូវកម្លាំងប៉ុស្តិ៍តាខ្មៅឃាត់ខ្លួនបានយកមកសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យក៏បានឆ្លើយសារភាពពីសកម្មភាពនិងបក្ខពួករបស់ខ្លួនដែលមានឈ្មោះខាងលើ ថាបាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់ម៉ូតូជាច្រើនករណីដូចខាងលើ ។

បន្ទាប់មកកម្លាំងប៉ុស្តិ៍តាខ្មៅ បានសហការជាមួយកម្លាំងនគរបាលយុត្តិធម៌ក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍ដើមមៀន ប៉ុស្តិ៍កំពង់សំណាញ់ ដឹកនាំផ្ទាល់ដោយលោកអធិការនគរបាលក្រុងតាខ្មៅ  បានចុះឃាត់ជនសង្ស័យបានជាបន្តបន្ទាប់ តែម្តង ៕