ខេត្តព្រះសីហនុ÷ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍» ដោយមានការចូលរួមពីប្រធានអនុសាខាទាំង៥ក្រុង ស្រុកលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាក្រុង ស្រុកសរុបចំនួន ២៦៧នាក់ ស្រី១១២នាក់ និងសប្បុរសជន។
សូមបញ្ជាក់ថា អ្នកស្ម័គ្រចិត្តរបស់អនុសាខាកាកបាទក្រហមកម្ពុជាមកពីក្រុង ស្រុកទាំង៥ ក្នុងនោះ អនុសាខាក្រុងព្រះសីហនុ មានអ្នកស្ម័គ្រចិត្ត ចំនួន ៤១នាក់ អនុសាខាស្រុកព្រៃនប់ ចំនួន ១៣៣នាក់ អនុសាខាស្រុកស្ទឹងហាវចំនួន ៣១នាក់ អនុសាខាស្រុកកំពង់សីលាចំនួន ៤១នាក់ និងអនុសាខាក្រុងកោះរ៉ុងចំនួន ២១នាក់។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍»។ ទិវាអ្នកស្ម័គ្រចិត្តដ៏មានសារៈសំខាន់នេះ មានគោលបំណងសម្តែងនូវការទទួលស្គាល់នូវស្នាដៃ និងផ្តល់នូវគុណតម្លៃចំពោះការលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខនៅតាមមូលដ្ឋាននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដែលកំពុងរួមកម្លាំងសាមគ្គីជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងមមាញឹកក្នុងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុមនុស្សជាតិ សុខុមាលភាពសង្គម និងការអភិវឌ្ឍរីកចំរើនក្នុងសុខសន្តិភាពរបស់ភពផែនដីរបស់យើងនេះ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបន្តថា កាលពីចុងឆ្នាំ២០២២ មានឃុំចំនួន៣ នៅតាមដងផ្លូវជាតិលេខ៣ មានដូចជា ឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ ក្នុងស្រុកព្រៃនប់ រងផលប៉ះពាល់ដោយខ្សល់កន្ទ្រាក់ ទន្ទឹមនោះបងប្អូនអ្នកស្ម័គ្រចិត្តរបស់យើងបានខិតខំនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាពិសេសការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពល រដ្ឋ ទោះបីក្នុងស្ថានភាពមានហានិភ័យយ៉ាងណាក៏ដោយ ក៏បងប្អូនរបស់យើងបានតស៊ូចុះទៅពិនិត្យស្ថានភាព និងចុះស្រង់ស្ថិតិជនរងគ្រោះ នឹងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យអ្នកណាម្នាក់នៅឯកោនោះឡើយ ហើយការជួបជុំគ្នាពេលនេះ គឺជាការលើកទឹកចិត្ត និងកោតសរសើរ ដល់អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលបានជួបជុំរៀបចំចែកអំណោយសម្រាប់អ្នកស្ម័គ្រចិត្តរបស់យើង ដោយសារកន្លងមកយើងចែកជូនតែជនរងគ្រោះដោយគ្រោះធម្មជាតិ ប្រជាជនក្រីក្រ ទុរគតជន ស្ត្រីមានកូនច្រើន កុមារកំព្រា។ សូមអ្នកស្ម័គ្រចិត្តត្រូវពិនិត្យនៅក្នុងមូលដ្ឋានរបស់យើងថាតើមានមនុស្សចាស់អាយុ ១០០ឆ្នាំ មានប៉ុន្មានអ្នកជាទុរគតជន ដើម្បីសាខាជួយគាំទ្រដល់ពួកគាត់ក្នុងការទំនុកបំរុងជាស្បៀងអាហារ ក្នុងក្របខណ្ឌដំបូលសន្តិភាពលើការងារមនុស្សធម៌ ទន្ទឹមនោះយើងត្រូវអនុវត្តនូវកម្មវិធីអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមទិសស្លោកសកម្មភាពនៅមូលដ្ឋានសម្រេចបានគោលដៅសកល រួមជាមួយការផ្សព្វផ្សាយភ្ជាប់ទៅនឹងការចូលរួមសម្រេចគោលនយោបាយជាអាទិភាពរបស់យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការពង្រឹងតួនាទីស្នូលរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យចូលរួមយ៉ាងពេញលេញក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ការលើកកម្ពស់សុខភាពសាធារណៈ ការលើកកម្ពស់បរិស្ថានបៃតងស្អាត ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយបរិយាបន្ន។ សង្ឈឹមថា អ្នកស្ម័គ្រចិត្តរបស់យើងរួមគ្នាបន្តធ្វើកិច្ចការនៅឆ្នាំខាងមុខបន្តទៀតឱ្យបានកាន់តែល្អប្រសើរ។
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនអ្នកស្ម័គ្រចិត្តមកពីក្រុង ស្រុកទាំង៥ ចំនួន ២៦៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ កន្ទេល១ ឃីត១កញ្ចប់ (ភួយ១ មុង១ ក្រម៉ា១ សារ៉ុង១) និងថវិកា ១០ម៉ឺនរៀល។