សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិ ជាង ១,២ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ដែលជាកម្មវិធីជំនួយសង្គមពិសេសត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់គ្រានៃវិបត្តិជំងឺកូវីដ-១៩ ។
សម្តេចក៏បានរំលឹកផងដែរថាក្នុងបរិបទនៃជំងឺកូវីដ កន្លងមក រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ១ ៣៥៥លានដុល្លារ ក្នុងឆ្នាំ២០២១ និង៦០០លានដុល្លារ ក្នុងឆ្នាំ២០២២ សម្រាប់អនុវត្តវិធានការអន្តរាគមន៍ ក្នុងការដោះស្រាយផលប៉ះពាល់ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ចដែលបណ្ដាលមកពីវិបត្តិកូវីដ និងវិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន ជាពិសេសលើកម្មវិធីប្រយុទ្ធទប់ស្កាត់នឹងកូវីដ ។
ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋជនក្រីក្រ និងងាយរងគ្រោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់កម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ ការរៀបចំបណ្ដុះបណ្ដាលវគ្គជំនាញវិជ្ជាជីវៈ កម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះ និងរងហានិភ័យ ទទួ លរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដែលបង្កដោយគ្រោះទឹកជំនន់នៅក្នុងអំឡុងមានសម្ពាធអតិផរណាជាដើម ។
សម្តេចធិបតី បន្តថា កិច្ចការទាំងអស់នេះ សម្តេចសូមបញ្ជាក់ឱ្យបងប្អូនជនរួមជាតិហើយ ជាពិសេសអ្នកដែលតែងតែនិយាយថារាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះជូនទៅដល់ប្រជាពលរដ្ឋក្រីក្រក្នុងរយៈពេលនេះ ៕
——————
https://t.me/TheAKP