រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លើកទី១ ក្រោមប្រធានបទ «ការអនុវត្តវេជ្ជាសាស្ត្រឱ្យបានល្អប្រសើរ» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ នាសណ្ឋាគារភ្នំពេញ។
នាឱកាសនោះឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានផ្តល់អនុសាសន៍មួយចំនួនជូន ដល់អង្គសន្និសីទនូវគន្លឹះសំខាន់ៗ សម្រាប់ជាបទពិសោធន៍ដើម្បីឱ្យអនុវត្តការងារមានប្រសិទ្ធ។
អនុសាសន៍របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា រួមមាន៖
១-កុំតូចចិត្ត ឬអន់ចិត្តអ្វីបើគេមិនទាន់ស្គាល់យើង ត្រូវសួរខ្លួនឯងថាតើយើងបានធ្វើអី្វល្អៗ ដែលឱ្យគេស្គាល់ហើយឫនៅ?
២-ដើម្បីវិនិច្ឆ័យទៅលើនរណាម្នាក់ គេត្រូវស្វែងយល់ទៅលើគុណភាពការងាររបស់បុគ្គលនោះ។
៣-រាល់ការងារថ្មីៗ ត្រូវរៀនសូត្រអោយបាន រយៈមួយយូរគ្រប់គ្រាន់ជាបទពិសោធន៍ និងបង្កើតអោយបានជាទម្លាប់ល្អ។
៤-គុណតម្លៃថ្លៃថ្លាយូរអង្វែង បានដោយការលះបង់ពិតប្រាកដ ដោយបម្រើផលប្រយោជន៍មនុស្សទូរទៅ (លើសអំពីប្រយោជន៍បុគ្គលខ្លួនម្នាក់) និងមិនមែនដោយការដោះដូរបានភ្លាមនោះទេ។
៥-យកការគិត (គំនិត) និងពេលវេលា ជាដើមទនដើម្បីសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈខ្លួន។
ជាមួយនោះ ឯកឧត្តមសាស្រ្តារដ្ឋមន្រ្តីក៏បានលើកយកនូវចំណុច ដើម្បីក្លាយជាគ្រូពេទ្យល្អ «ត្រូវចេះលះបង់ និងត្រូវផ្តើមចេញពីខ្លួនឯងល្អជាមុនសិន ទើបអាចក្លាយជាគ្រូពេទ្យម្នាក់ល្អបាន។ បន្ថែមពីនេះគឺ ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ត្រូវខិតខំបម្រើសេវាឱ្យអ្នកជំងឺទុកចិត្ត ត្រូវចេះឈឺឆ្អាលជាមួយអ្នកជំងឺ ចូលរួមសោកស្តាយពេលអ្នកជំងឺមិនអាចជួយសង្រ្គោះបាន និងគិតអំពីផលលំបាករបស់អ្នកជំងឺនិងក្រុមគ្រួសារគាត់»។
ទន្ទឹមនោះ ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្រ្តាចារ្យជំនួយ ដែលអញ្ជើញមកពីបណ្តាមន្ទីរពេទ្យជាតិ បានដែលបានចូលរួមធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ល្អៗ ជូនដល់សមាជិកក្រុមគ្រូពេទ្យ TYDA និងបានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ របស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដ៏មានសារ:សំខាន់នេះឡើង។
ក្រុមគ្រូពេទ្យ TYDA បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការបង្ខិតសេវាសុខភាពសាធារណៈឲ្យកាន់តែគៀកដល់បងប្អូនប្រជាពលរដ្ឋ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ជាពិសេសបានចូលរួមសកម្មភាពផ្តល់សេវាសុខភាពជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋ ដល់ទីកន្លែង និងតាមទីជនបទដាច់ស្រយាលនានា។ លើសពីនេះក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៍ដូចជាផ្ដល់ឱកាសដល់និសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀត ក្នុងការចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ៕