ខេត្តកំពត៖ ទីតាំងល្បែងស៊ីសងមួយកន្លែង «សង្វៀនមាន់ជល់ នឹងអាប៉ោង» ស្ថិតនៅក្នុងកាស៊ីណូដែលមានយីហោ សុខ គីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ពេលនេះកំពុងតែបង្កការក្តៅក្រហាយដល់ពលរដ្ឋខ្មែរជាច្រើន ដោយសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ មហាជនជាច្រើបានរិះគន់ទៅលេីអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាន ដែលមានលោក អូន ខន អភិបាលស្រុកកំពង់ត្រាច រួមទាំងលោក សេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច ដោយអស់លោកទាំងពីរមិនគួរណាធ្វើអាកប្បកិរិយាព្រងើយកន្តើយ ដោយរក្សាភាពស្ងៀមស្ងាត់នោះទេ។
ពលរដ្ឋបន្តរិះគន់ថា ទង្វើ និងសកម្មភាព អសកម្មរបស់លោក អភិបាលស្រុក រួមទាំងលោក អធិការស្រុក កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយ ៩ចំណុច ភូមិឃុំមានសុវត្ថិភាព។
ចំពោះសកម្មភាពដែលម្ចាស់កាស៊ីណូ សុខ គឹមម៉េង ដែលកំពុងតែបង្កើតសង្វៀនជល់មាន់ និងអាប៉ោង ថែមទាំងបណ្តែតបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែង យ៉ាងអាណាធិបតេយ្យ ដោយគ្មានខ្លាចញញើតច្បាប់ខាងលើនេះ គឺកំពុងតែប្រព្រឹត្តអំពើផ្ទុយពីច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលក្រសួងពាក់ព័ន្ធផ្តល់អាជ្ញាប័ណ្ណអោយ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាលមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងកាស៊ីណូខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការចាត់បទបញ្ជាដល់លោកសេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច អោយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងកាស៊ីណូដែលល្មើសនិងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ផង ដើម្បីធានាបាននូវសុខសន្តិភាពដល់ប្រជាពលរដ្ឋខ្មែរទូទៅ៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!