អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក គឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

8

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។

ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ដែលនេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធម និងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖

ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និងស្ថិរភាពសង្គមនេះហើយដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរបរទេស។

ទី២៖ ភាពអធិកអធមរយៈពេល៣ថ្ងៃនេះគឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជា ពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទីជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះដែរក៏មានភ្ញៀវទេសចរបរទេសជាច្រើន បានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ ដែលនេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាមានភាពរស់រវើកឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩។

ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតាំងពីសម័យសម្តេចតេជោរហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី បានដឹកនាំកសាង និងអភិវឌ្ឍប្រទេសដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹមប្រកបដោយក្តីសង្ឃឹមចំពោះជោគវាសនាអនាគតរបស់ខ្លួន។

ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀតមិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេលជាង៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះនឹងត្រូវកត់ត្រាបន្ថែមពីលើសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕