ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថានឹងធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលធំធេងបន្ថែមទៀត។ ការបញ្ជាក់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើឡើងនាឱកាសចូលជួបសម្ដែងការគួរសម ឯកឧត្តមអភិសន្តិបណ្ឌិត នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសការផ្ទេរសេវាសាធារណៈមួយចំនួនពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ។ ឯកឧត្តមក៏បានមានប្រសាសន៍ចូលរួមអបអរសាទរកម្ពុជា ចំពោះការរៀបចំប្រព័ន្ធរដ្ឋាភិបាលឌីជីថល (Digital Government) ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែប្រសើរ ជាពិសេសកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី ព្រមទាំងសម្ដែងការអបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍ទី៣០ នៃការចាប់ផ្តើមឡើងវិញនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ សហព័ន្ធអាល្លឺម៉ង់ ចំពោះការប្ដេជ្ញាចិត្ត និងការបង្ហាញឆន្ទៈបន្តរួមចំណែកគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលបាននិងកំពុងទទួលលទ្ធផលប្រកបដោយផ្លែផ្កា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទីពីរ សម្រាប់ឆ្នាំ២០២១-២០៣០ ដែលនឹងមានការបន្តបែងចែកអំណាច និងធនធានពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិបន្ថែមទៀត ដើម្បីឱ្យការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានកាន់តែមានភាពប្រសើរឡើង។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ សហព័ន្ធអាល្លឺម៉ង់ ដែលបានសហការ និងសម្របសម្រួល ព្រមទាំងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជានៅសហព័ន្ធអាល្លឺម៉ង់កន្លងទៅនេះ។
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតជូនឯកឧត្តមបានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម ហើយនៅក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានជម្រាបជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អំពីការប្ដេជ្ញាចិត្តជំរុញ គាំទ្រ និងលើកទឹកចិត្តវិនិយោគិនអាល្លឺម៉ង់ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕ប្រភព÷ក្រសួងព័ត៌មាន