ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ នាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បណ្តាអង្គភាពឈរជើង នៅតាមព្រំដែនទិសទី១ ប្រាសាទព្រះវិហារ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ជំនួសមុខឱ្យអង្គភាពទាំងមូល លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានសម្ដែងនូវគារវកិច្ចស្វាគមន៍ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខលំបាក តាមថែរក្សាចិញ្ចឹមបីបាច់ ព្រមទាំងបានផ្ដល់អ្វីៗគ្រប់យ៉ាងដល់បងប្អូនទាំងអស់គ្នានៅទីនេះ។ ពិសេសការបន្តផ្តល់ប្រាក់ហូបបំប៉នបន្ថែម៣០០០រៀល សម្រាប់យោធិនម្នាក់ៗក្នុង១ថ្ងៃរបស់សម្តេច បន្ថែមលើគោលរបបប្រាក់ហូប១២ម៉ឺនរៀល ប្រចាំខែដែលមានស្រាប់ ពិតជាមានសារៈសំខាន់ និងបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនទាំងអស់គ្នាបានជាច្រើនផងដែរ និងជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែផ្តល់អំណោយជាអាវភ្លៀងនៅរដូវភ្លៀងចំនួន១លើក និងអាវរងានៅរដូវរងាចំនួន១លើកក្នុងមួយឆ្នាំ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ពុំដែលអាក់ខានម្តងណាឡើយ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្ថែមទៀតថា ជាការពិតណាស់ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់។ រាល់បណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ពិតជាបានបន្តការអភិវឌ្ឍខ្លួនយ៉ាងគាប់ប្រសើរទាំងសមត្ថភាព ចំណេះដឹង ការបំពេញតួនាទី ភារកិច្ច។ ពិសេសកម្រិតនៃការរស់នៅប្រចាំថ្ងៃរបស់កងទ័ព កាន់តែមានភាពប្រសើរឡើង តាមរយៈការគាំទ្រទាំងស្មារតី និងសម្ភារ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ រីឯសន្តិសុខសណ្តាប់ធ្នាប់នៅតាមភូមិសាស្រ្តប្រទេសជាប់ព្រំដែន មានការសហការគ្នាបានល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ជានិច្ចកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន ០២លើក ក្នុងមួយឆ្នាំ ជូនដល់បងប្អូនយើងពុំដែលអាក់ខានឡើយ ក្នុងនោះអាវភ្លៀង១លើក សម្រាប់រដូវភ្លៀង និងអាវរងា១លើក សម្រាប់រដូវត្រជាក់ជារៀងរាល់ឆ្នាំ។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងហានលះបង់ពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។
ទន្ទឹមនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ ជាកម្លាំងដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គមជូនប្រទេសជាតិ និងប្រជាជន។ ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ៕