ឃាត់ខ្លួជនសង្ស័យប្រុស,ស្រីចំនួន៧នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្យនិងឆបោកដែលមានទឹកប្រាក់រាប់លានដុល្លារបញ្ជូនទៅតុលាការ

119

ខេត្តក្រចេះ៖មនុស្សប្រុស,ស្រី ចំនួន៧នាក់ ក្នុងនោះមានជនជាតិវៀតណាម និងជនជាតិខ្មែរត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោក ដែលមានទឹកប្រាក់រហូតដល់រាប់លានដុល្លារ។

មន្ត្រីអាវុធហត្ថខេត្តក្រចេះបានឱ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកានេះថា ជនសង្ស័យប្រុស,ស្រីទាំង៧នាក់នេះ គឺកំពុងសាកសួរនៅតុលាការនៅឡើយទេ ហើយជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងអាវុធហត្ថស្រុកចិត្តបុរី សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ត្រី សាន្ត ប៊ុនថាន មេបញ្ជារការអាវុធហត្ថខេត្តក្រចេះ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់។

មន្ត្រីអាវុធហត្ថរូបនេះបានបន្តថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម៉ោង២រសៀល កម្លាំងអាវុធហត្ថខេត្ត បានទទួលបណ្តឹងតាមទូរសព្ទពីឈ្មោះ ប៉ូច គឹមយូ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលពោធិ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ថាមានមនុស្សមួយក្រុមបានបង្ខាំងខ្លួនទុកនៅចំណុចផ្ទះ១កន្លែង ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្រោយពីទទួលបណ្តឹងកម្លាំងអវុធហត្ថបានចុះទៅចំណុចខាងលើនិងបាននាំឈ្មោះខាងលើមក ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីសាកសួរ ហើយសាម៉ីខ្លួន បានឆ្លើយបំភ្លឺថា ខ្លួនជាតំណាងក្រុមការងារមកត្រួតពិនិត្យមើលលើវត្ថុ សំណរខ្មៅប្រែព័ណ ដែលគេអះអាងថាមាននៅខេត្តក្រចេះនិងមានតម្លៃថ្លៃរហូតដល់រាប់លានដុល្លារ។ ហើយខ្លួនបានទាក់ទងជាមួយ ប៉ា កុសល នៅខេត្តក្រចេះ បន្ទាប់មកឈ្មោះ ប៉ា កុសល បានឱ្យខ្លួនបើករថយន្តតាមរថយន្តម៉ាកលុចស៊ីស៤៧០ ពណ៏ខ្មៅសំដៅទៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាលំនៅដ្ឋានមួយដែលមិនស្គាល់ ខ្លួនបានទៅត្រួតពិនិត្យលើវត្ថុខាងលើ ដោយបានយកក្រចកឆ្កិះលើវត្ថុនោះបណ្តាលឱ្យរបើកខូចខាត ទើបខ្លួនដឹងថាវត្ថុខាងលើជាវត្ថុមិនពិត ខ្លួនបានប្រកែកមិនព្រមយកទើបម្ខាស់របស់ទាំងអស់ខាងលើបានគំរាមឱ្យខ្លួនសងនិង បានចាក់សោរទ្វារបងដោយមិនឱ្យខ្លួនចេញក្រៅឡើយ។

តាមរបាយការណ៍បញ្ជាក់ទៀតថា ក្រោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា កម្លាំង​អាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន០៤នាក់ រួមមាន ១.ឈ្មោះ ស៊ុក សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំវិហ៊ារលួង ស្រុកពោញាឭ ខេត្តកណ្តាល ទី២.ឈ្មោះ ធុន សីហា ភេទប្រុស២៨ឆ្នាំ  មានទីលំនៅបច្ចុប្បន្នភូមិពង្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ  មុខរបរគ្រូបង្រៀនកូរ៉េតាមអនឡាញ ទី៣.ឈ្មោះ ឌី លី ភេទប្រុសអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដំណាក់ធំ៣ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៤.ឈ្មោះ ចៅ ណាក់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុបន្នភូមិសំបុក ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ និងបានដកហូតវត្ថុតាងមួយចំនួន។

ក្រោយឃាត់ខ្លួននិងសាកសួរ នៅថ្ងៃទី១២ខែវិច្ឆិកា កម្លាំងអាវុធហត្ថខេត្ត បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍សំបុក តំណាងមេភូមិ ដឹកនាំដោយលោក អង រី ព្រះរាជអាជ្ញារង អយ្យការសាលាដំបូងខេត្តក្រចេះ បានបន្តធ្វើការឆែកឆេរលំនៅដ្ឋាន របស់ឈ្មោះ ខ្វៀង ធីបែរ ភេទស្រី នៅចំណុចខាងលើ បានចាប់យកវត្ថុតាងរួមមាន ទូរដែក ពណ៏មាស ចំនួន១គ្រឿង និងបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់បន្ថែមទៀត
១.ឈ្មោះ ចៅ ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ  ទី២.ឈ្មោះ ង្វៀង ដុកធៀក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម និងទី៣
.ឈ្មោះ ង្វៀង យ៉ាំងថាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម ។

តាមការអះអាងរបស់ដើមបណ្តឹងបានបញ្ជាក់ថា សំណរខ្មៅប្រែពណ៏ ប្រសិនជារបស់ពិតគឺខ្មៅសុទ្ធ ការពារផ្លូវងងឹត មានតម្លៃប្រមាណជា ១០.០០០.០០០$ (ដប់លានដុល្លាអាមេរិក) ក្នុង១ដុំ តែករណីនេះត្រូវបានគេអះអាងថា ជាករណីឆបោក ជាក្រុមនិងមានអ្នករៀបចំជាបណ្តាញតែម្តង។SL15.11.23