ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែបិច្ឆិកា ឆ្នាំ២០២៣ បានចេញប្រកាសព័ត៌មានដោយបានឱ្យដឹងថា តំណាងអយ្យការសម្រេចចោទប្រកាន់ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមនិងបក្ខពួកចំនួន៦នាក់ទៀត ពីបទ៖ ចាប់និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតទារប្រាក់)។
ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តាមមាត្រា២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា៖ ថ្មីៗនេះសមត្ថកិច្ចបានឃាត់ខ្លួន លោកផ្កាយពីរ វ៉ាន់ កុសលនិងបក្ខពួកពាក់ព័ន្ធ បទៈ ល្មើសកំហែងយកលុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។
តាមដំណេីររឿង នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានស្នេីសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ដើម្បីចុះបង្ក្រាបជនជាតិចិន សង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ លុះចាប់ឃាត់ខ្លួនមក ជនជាតិចិនទាំងនោះ គ្មានភស្តុតាង ពាក់ព័ន្ធបទល្មើសគ្រឿងញៀនទេ!។
បន្ទាប់ពីឆែកឆេរគ្មានភស្តុតាង បទល្មើសគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានសុំគោលការណ៍លោកប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ដើម្បីអនុញ្ញាតអោយពួកគេត្រលប់ទៅវិញ ដោយលោកប្រធានមន្ទីរ បានឯកភាពតាមការស្នេីសុំ តែមិនបានអោយ លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល យកលុយជនជាតិចិននោះឡើយ។
តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល បានទាមទារលុយពីជនជាតិចិនទាំងនោះ ចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង ដោយទៅយកលុយដល់ធនាគារថែមទៀតផង។
ជនជាតិចិនទាំងនោះ បន្ទាប់ពីប្រគល់លុយអោយទៅលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និងបក្ខពួករួចហើយ ពួកគេក៏ប្ដឹងមកថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដេីម្បីទាមទាររកយុត្តិធម៌ រហូតឈានដល់ឃាត់ខ្លួនជាបន្តបន្ទាប់ ៕