ខេត្តសៀមរាប៖ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំង នគរបាលខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធនឹងករណី ឆបោក មានស្ថានទម្ងន់ ទោស ( ប្រព្រឹត្តិដោយសហចារី )។
សមត្ថកិច្ចនគរបាលបានប្រាប់ថា ហេតុការណ៍បានកើតឡើង នៅពីវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ២០ និង ០០ នាទី ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ នៅ ក្រុងសៀមរាប បានរាយការណ៍មកថា មានក្រុមជនសង្ស័យចំនួន១ក្រុម កំពុងឆបោក ដោយប្រើរូបភាព ឲ្យជនរងគ្រោះ យកប្រាក់ចំនួន ៥០០០$ ទៅដូរយកប្រាក់បាត ពីពួកគេចំនួន ១៧៧,៥០០បាត ដោយឲ្យជនរងគ្រោះ ចំណេញ ៤០% តែជនរងគ្រោះមានការសង្ស័យថា ត្រូវបានគេរៀបគំរោងឆបោក ទើបជនរងគ្រោះ រាយការណ៍មកសមត្ថកិច្ច។
ក្រោយពេលកម្លាំងចុះប្រតិបត្តិការ ក្រុមជនសង្ស័យបានដឹងខ្លួន និងបើករថយន្តសំដៅមកបំបុកកម្លាំងសមត្ថកិច្ច ធ្វើឲ្យខូចខាតម៉ូតូ០១គ្រឿង ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានព្យាយាមដេញតាមឃាត់រថយន្តរបស់ ជនសង្ស័យ ចាប់ពីចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា មកដល់ចំណុចមុខផ្សារពួក ក៏ត្រូវកម្លាំងនគរបាលសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងនគរបាលអន្តរាគមន៍ ធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ និងរថយន្ត ចំនួន០២គ្រឿង យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
តាមចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ បានឆ្លើយសារភាពថា: ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន០២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២,០០០ បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បើតាមសមត្ថកិច្ច ករណីនេះ ដកហូតវត្ថុតាងបានរួមមាន : រថយន្តចំនួន ០២គ្រឿង ១.ម៉ាក Lexus ពណ៌ស ស្លាកលេខ ភ្នំពេញ 2AL.1456 ២.ម៉ាកបាឡែន ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AC.1031 និងប្រាក់ដុល្លាក្លែងក្លាយ ( លុយសែន ) ក្រដាស ១០០$ ចំនួន ១៦៣ សន្លឹក។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបថាប្រតិបត្តិការនេះបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប ដឹកនាំប្រតិបត្តិការណ៍ ដោយលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕