ខេត្តព្រះសីហនុ÷នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដាំកូនត្នោតចំនួន ១ ០០០ដើម ត្រូវបានធ្វើការដាំដុះនៅតាមបណ្តោយផ្លូវល្បឿនលឿនក្នុងក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និស្សិត អ.ម.ត យុវជន ស.ស.យ.ក យុវជន កាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស។
ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បានឱ្យដឹងថា តាមការគ្រោងទុកឆ្នាំនេះយើងមានផែនការដាំកូនត្នោតចំនួន ៥ ០០០ដើម ហើយថ្ងៃនេះធ្វើការដាំកូនត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ការដាំនេះ គឺដាំក្នុងចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៥ម៉ែត្រ ដើម្បីឱ្យដើមត្នោតលូតលាស់ធំធាត់បានលឿន បច្ចុប្បន្នយើងមានថ្នាលបណ្តុះកូនត្នោតដែលគ្រោងនឹងបណ្តុះកូនត្នោតឱ្យបានចំនួន ១៤ ០០០ដើម សម្រាប់ធ្វើការដាំដុះនៅពេលខាងមុខ ប្រសិនបើការដាំដុះបានល្អ យើងនឹងមានគម្រោងបណ្តុះបន្ថែមទៀត ដោយសារបច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់យើងមានដំណាំកសិឧស្សាហកម្ម និងដំណាំហូបផ្លែជាច្រើនមុខមានដូចជា ដូងប្រេង កៅស៊ូ ក្រៅពីនោះមានដាំដំណាំហូបផ្លែមានដូចជាដូងក្រអូប សៅម៉ាវ ធុរ៉េន ស្វាយ និងដំណាំជាច្រើនប្រភេទផ្សេងទៀត។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ដែលបានរៀបចំធ្វើការបណ្តុះកូនត្នោត និងរៀបចំកម្មវិធីដាំកូនត្នោតនៅលើទឹកដីឃុំជើងគោ ស្រុកព្រៃនប់ ស្របនឹងផ្លូវល្បឿនលឿន ដើម្បីបង្កើនសោភ័ណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឱ្យវិស័យទេសចរណ៍ ពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ហើយដើមត្នោតនេះ ក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយផងដែរ។
ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារដើមត្នោតរបស់យើងឱ្យបានល្អ ព្រោះនេះជាសម្បត្តិរបស់យើងទាំងអស់គ្នា មិនមែនជារបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ឬជារបស់ឯកឧត្តមអភិបាលខេត្តនោះទេ វាគឺជារបស់យើងទាំងអស់គ្នាដែលរួមគ្នាការពារ ថែរក្សាឱ្យបានគង់វង្ស ហើយម្យ៉ាងទៀតដើមត្នោតក៏ជាកេរ្តិ៍ដំណែលរបស់ដូនតារបស់យើងដែលបានបន្សល់ទុកសម្រាប់កូនក្មួយជំនាន់ក្រោយ ព្រោះដើមត្នោតវាមានផលប្រយោជន៍ ជាច្រើនយ៉ាងណាស់ សម្រាប់ឱ្យប្រជាពលរដ្ឋយកមកធ្វើការកែច្នៃប្រើប្រាស់មានដូចជា ស្លឹកយកទៅប្រកផ្ទះ ផ្កាកៀបចេញជាស្ករ ចំណែកផ្លែខ្ចីហូប ផ្លែទុំអាចយកទៅធ្វើជានំ និងដើមរបស់វាអាចច្រៀកធ្វើជាសម្ភារៈ ឬគ្រឿងសង្ហារឹមផ្សេងៗជាច្រើនមុខផ្សេងទៀតទៅ តាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្នផងដែរ។