ភ្នំពេញ÷ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី នៃកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ បុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងសហការផ្សព្វផ្សាយ ប្រឆាំងព័ត៌មានក្លែងក្លាយ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និង ភូមិ ឃុំ មានសុវត្ថិភាព និងជួយដោះស្រាយការលំបាករបស់ប្រពន្ធ័ផ្សព្វផ្សាយ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលកំពុងជួបបញ្ហាប្រឈមនានា ពិសេសផ្នែកហិរញ្ញវត្ថុ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា ដំណើរការនៃកិច្ចប្រជុំនាឱកាសនេះផ្តោតសំខាន់លើ២ ចំណុច ទី១ ចង់ដឹងពីបញ្ហាប្រឈមរបស់ប្រពន្ធ័ផ្សព្វផ្សាយ ដោយទាំងអស់គ្នាក៏បានដឹងហើយនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវី-១៩ និងក្នុងស្ថានភាពសេដ្ឋកិច្ច គឺចំណូលបានមកពីការផ្សាយពាណិជ្ជកម្មមានការធ្លាក់ចុះ ដែលជាបញ្ហាចោទសម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ។ ដូច្នេះសម្រាប់ឱកាសនេះ យើងត្រូវពិនិត្យអោយបានសុីជម្រៅរាល់បញ្ហាប្រឈម ហើយរួមគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីអាចអោយដំណើរការផ្សាយបានទៅមុខបន្តទៀត ពិសេសគឺការត្រៀមខ្លួនរយៈពេលទៅមុខទៀត លើការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពី Analog ទៅ Digital ហើយផែនការសកម្មភាពការងារក៏បានកំណត់រួចហើយ ដោយនៅចុងឆ្នាំ២០២៥ ប្រទេសកម្ពុជា ត្រូវតែផ្លាស់ប្តូរប្រពន្ធ័នេះអោយបាន ទោះជួបបញ្ហាប្រឈមយ៉ាងណាក្តី ។
ចំណុចសំខាន់ដែរនោះ គឺក្រសួងព័ត៌មាន បាននឹងកំពុងដំណើរការរៀបចំពង្រឹងផ្នែកខ្លឹមសារអត្ថបទព័ត៌មាន ពង្រឹងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ខ្លឹមសារ និងរូបភាពនៃការផ្សាយពាណិជ្ជកម្ម ។
ឯកឧត្តម រដ្ឋមន្រ្តី ក៏នឹងធ្វើការពិនិត្យពីមូលហេតុសំខាន់ៗនៃការប្រឈមរបស់ប្រពន្ធ័ផ្សព្វផ្សាយបុរាណ មានវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី បោះពុម្ព អាចបន្តរស់ដំណើរការផ្សាយទៅមុខបានដោយរលូន ។ ចំណុចសំខាន់ទី២ នៃកិច្ចប្រជុំ ឯកឧត្តម រដ្ឋមន្រ្តី បានសំដែងនូវការអរគុណចំពោះម្ចាស់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍ ឯកជនទាំងអស់ ដែលផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ដែលបានសហការផ្តល់ការគាំទ្រ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយតែងតែបានចូលរួមសហការកាច់ផ្សាយបន្តផ្ទាល់ពីព្រឹត្តការណ៍នានារបស់ជាតិ ក៏ដូចជាកម្មវិធីរបស់ថ្នាក់ដឹកនាំ ពិសេសក្នុងអាណត្តិទី៧ នេះ គឺសកម្មភាពរបស់សម្តេចអធិបតី នាយករដ្ឋមន្រ្តី ដែលមានការផ្សាយផ្ទាល់ពីទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា ។ ឆ្លៀតនៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរឯកឧត្ដម នេត្រ ភក្រ្ដា បានជម្រាបជូនថា ការជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាលលើកក្រោយនេះ គ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នាក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក។
ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។ ក្រសួងព័ត៌មាននឹងរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់ទាំងអស់ ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើង ដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ដើម្បីដាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្ដីពិនិត្យ និងដោះស្រាយ។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ដែរថា ចាប់ពីពេលនេះ រហូតដល់ពេលជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាល គឺក្រសួងព័ត៌មាន នឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មាន ដែលស្របច្បាប់ និងអ្នកមានអាជ្ញាបណ្ណស្របច្បាប់ត្រឹមត្រូវ គឺអាចចុះឈ្មោះចូលរួមក្នុងកម្មវិធីជំនួបនោះបាន។ ប៉ុន្ដែសម្រាប់អ្នកសារព័ត៌មាន ដែលមិនទាន់មានអាជ្ញាបណ្ណ ត្រូវមកចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់នៅ ក្រសួងព័ត៌មាន។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់ អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយ ដោះស្រាយ។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ផងដែរ។ គិតចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំ២០២៣នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៥លើក រួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ៕