កម្លាំងនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនក្មេងទំនើង ០២ក្រុម ដែលធ្វើសកម្មភាពបង្កឲ្យបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងប្រគំតន្ត្រី អបអសាទរពិធីប្រណាំងទូក ង នៅក្រុងស្ទឹងសែន

29

កំពង់ធំ ៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនក្មេងទំនើង ០២ក្រុម ដែលធ្វើសកម្មភាពបង្កឲ្យបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងប្រគំតន្ត្រី អបអសាទរពិធីប្រណាំងទូក ង នៅក្រុងស្ទឹងសែន នាយប់ថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរងជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានថ្លែងឲ្យដឹងថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចទីកន្លែងប្រគំតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណី ហឹង្សាដោយចេតនា ។ ភ្លាមៗនោះ បន្ទាប់ពីទទួលបានពត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ។
ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ កំពុងធ្វើការសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕