ខេត្តកណ្ដាល ៖ យ៉ាងហោចណាស់ក៏មានបុរស២នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុ និងបុរស២នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូធុនធំជាមួយនឹងម៉ូតូហុងដាឌ្រីមបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង ហើយស្របពេលគ្នានោះមានរថយន្តកុងតឺន័របើកមកកិនបន្ថែមរួចបេីកគេចបាត់ស្រមោល កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅចម្ងាយពីផ្សារគគីរប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនកេីតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1X-4430 ជិះដោយបុរស២នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ពីលិចទៅកេីតក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក YAMAHA R6 ពណ៌ខៀវ គ្មានស្លាកលេខ ជិះដោយបុរស២នាក់ធ្វេីដំណេីរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនជ្រុលមកបុកម៉ូតូហុងដាឌ្រីមយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូធុនធំR6ដាច់ជាពីរ និងម៉ូតូហុងដាឌ្រីមខ្ទេចខាងមុខខូចខាតយ៉ាងដំណំដូចគ្នា ។
ប្រភពដដែលបានបន្តថា ក្រោយពីកេីតហេតុភ្លាមៗក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបានបេីកកិនពីលេីជនរងគ្រោះថែមទៀត ហេីយបេីកបន្តទៅមុខបាត់ស្រមោលទៅ ដោយធ្វេីឱ្យបុរស២នាក់ស្លាប់នៅនឹងកន្លែងកេីតហេតុ និងបុរស២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយគូសសញ្ញាចំណាំយកម៉ូតូទាំងពីរគ្រឿងខាងលេីដាក់អែបខាងដេីម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ។
បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ។
ដោយឡែកសពជនរងគ្រោះទាំង២នាក់ខាងលេី ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕