គ្រាន់តែរឿងឡានដឹកបន្លែឈប់លក់បិទផ្លូវសាធារណៈ មុខផ្សារនាគមាស ធ្វើឲ្យពលរដ្ឋផ្ញើសារចូលហ្វេសប៊ុកផេក របស់សម្ដេចតេជោ, តើអាជ្ញាធរខណ្ឌទួលគោក កំពុងតែធ្វើអ្វី?

76

ភ្នំពេញ ៖ ទំនងជាអត់ទ្រាំលែងបាន ទើបប្រជាពលរដ្ឋបាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ដោយរៀបរាប់ពីទុក្ខលំបាក នៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯង ដោយសារតែឡានដឹកបន្លែឈប់លក់ ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដង ខណៈដែលអាជ្ញាធរខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋរិះគន់ថា កំពុងតែធ្វើអ្វីឲ្យពិតប្រាកដ បានជាបណ្តែតបណ្តោយឲ្យភាពអសកម្មទាំងនេះ កើតឡើងជាជំងឺមហារីកទៅហើយ។

Facebook មួយមានឈ្មោះ «Songlim Lim» បាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានខ្លឹមសារទាំងស្រុងថា៖ «ជំរាបសួរសម្តេចពុក! ប្រជាពលរដ្ឋរស់នៅទល់មុខផ្សារនាគមាស មានការលំបាកខ្លាំងណាស់ ព្រោះខាងផ្សារបានឲ្យឡានបន្លែឈប់លក់លើផ្លូវ ធ្វើតូបលើផ្លូវបិទផ្លូវសាធារណៈលេខ២៣៤ ទាំងស្រុងតែម្តង។ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋចូលផ្ទះម្តងៗ គឺកន្លះម៉ោងទៅមួយម៉ោង ទើបចូលរួច គឺសូម្បីតែដើរចូលផ្ទះសឹងតែមិនរួច កុំថាឡើយជិៈម៉ូតូចូល។ សូមសម្តេចពុក ជួយកូនចៅឲ្យខាងខណ្ឌទួលគោក គឺលោកពូអភិបាល មានវិធានការផង គឺលក់បំពានបិទផ្លូវសាធារណៈទាំងស្រុង ចេញចូលផ្ទះសឹងតែមិនរួច។ អរគុណសម្តេច ជូនពរសម្តេចជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច»។

សូមបញ្ជាក់ថា បញ្ហាម្ដុំផ្សារនាគមាស ទាំងការបិទផ្លូវសាធារណៈដើម្បីដាក់ទំនិញលក់ដូរ និងបញ្ហាសណ្ដាប់ធ្នាប់នេះ មិនមែនទើបតែកើតមានឡើងនោះទេ ពោលគឺកើតឡើងជាយូរណាស់មកហើយ ទោះបីមានការផ្លាស់ប្តូរ ប្រធានផ្សារ មានការដោះដូរអភិបាលខណ្ឌជាបន្តបន្ទាប់ក៏ដោយ តែបញ្ហាដដែលនៅតែដដែល ហើយអ្នកដែលរងទុក្ខ និងជួបការលំបាក គឺប្រជាពលរដ្ឋអ្នកធ្វើដំណើរនេះឯង៕