ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ

57

ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ

ខណ្ឌពោធិ៍សែនជ័យ៖ រឿងរាវដែលកំពុងក្តៅជាងភ្នំភ្លើងផ្ទុះនោះ គឺរឿងអតិថិជនទិញផ្ទះនៅគម្រោងសាងសង់ផ្ទះល្វែងលក់របស់ក្រុមហ៊ុន ធី សុភ័ក្រ ថៅកែឈ្មោះ គង់ យ៉ាងធី នឹងប្តីឈ្មោះ​ ជា​ សុភ័ក្រ​ ដែលបានសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

លោកស្រី សេក ម៉ាលី ធ្លាប់បានយំរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនជាអតីតៈប្រធានទីផ្សារលក់ អចលនទ្រព្យ​ឲ្យក្រុមហ៊ុន ធី សុភ័ក្រ ដែលមានលោកស្រី គង់ យ៉ាងធី ជាថៅកែ និង ប្តីឈ្មោះ ជា សុភ័ក្រ​លោកស្រី សេក ម៉ាលី បានរៀបរាប់ទាំងទឹកភ្នែកទឹកសំបោរថាខ្លួនបានខិតខំស្វែងរកអតិថិជនមកទិញផ្ទះបាន៧ទៅ៨ល្វែងក្នុងមួយខែដែលបានរកប្រាក់ចំណូលឲ្យលោកស្រី គង់ យ៉ាងធី ដែលជាថៅកែក្រុមហ៊ុន ចំណេញប្រាក់រាប់មុឺនដុល្លាក្នុងមួយខែៗ។​
លោកស្រី សេក ម៉ាលី បានបន្តរថា ដោយមានការទុក្ខចិត្តលើលោកស្រី  គង់ យ៉ាងធី និង ប្តីឈ្មោះ ជា សុភ័ក្ត្រ ហើយខ្លួនមានមុខដំណែងជាប្រធានទីផ្សារផងនោះក៍បានបបួលបងប្រុសបង្កើតឈ្មោះ ឈាង សុគុណ ឲ្យខ្ចីបុលធនាគារមកទិញផ្ទះលេខ 13C នៅក្នុងគម្រោងសាងសង់ផ្ទះល្វែងលក់របស់ក្រុមហ៊ុន ធី សុភ័ក្រ ហើយប្តីលោកស្រី គង់ យ៉ាងធី គឺលោក ជា សុភ័ក្រ ជាអ្នកលក់និងធ្វើលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ១៨១៩/២១ ចុះនៅថ្ងៃទី1ខែតុលាឆ្នាំ២០២១។​
បន្ទាប់ពីធ្វើលិខិតផ្ទេរសិទ្ធរួចរាល់ហើយនោះលោក ឈាង សុគុណ បានបើកមុខរបរលក់ដូរបន្តិចបន្ទួចនៅផ្ទះមិនបានប៉ុន្មានផង ស្រាប់តែលេចមុខស្ត្រីចំណាស់មួយនាក់ដើរចូលមកក្នុងផ្ទះលោក ឈាង សុគុណ  ហើយអះអាងថាខ្លួនជាម្តាយឈ្មោះ គឹម​ ជង់ហៀង ដែលជាម្ចាស់ផ្ទះយ៉ាងពិតប្រាកដ ផ្ទះនេះមានប្លង់2ជាន់គ្នា​ ខ្ញុំដឹងយូហើយតែខ្ញុំមិននិយាយ ផ្ទះនេះធ្វើអីអត់បានទេបើសិនជា​ម្ចាស់ផ្ទះនឹងអត់បង់គឺខ្ញុំបង់តវិញ ផ្ទះនឹងគឺផ្ទះខ្ញុំដដែលព្រោះអីឈ្មោះនឹងជាឈ្មោះរបស់ខ្ញុំហើយមានក្រដាស់ស្នាមត្រឹមត្រូវ​ ធ្វើកិច្ចសន្យាហើយទៀត​ ផ្ទះនឹងមិនអាចលក់ដូរបានទេ ក្រៅពីឈ្មោះខ្ញុំផ្ទេរឲ្យអ្នកក្រោយ​ បើសិនជាឈ្មោះខ្ញុំមិនផ្ទេរឲ្យអ្នកក្រោយគឺអ្នកក្រោយគ្មានសិទ្ធលក់ទាំងអស់។​

បន្ទាប់ពីបានឭសម្តីស្ត្រីចំណាស់រូបនេះលោក ឈាង សុគុណ ក៍បានកាន់ឯកសារទិញលក់ផ្ទះទៅរកអជ្ញាធរសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជួយស្រាវជ្រាវនឹងស្វែងរកការពិតថាតើផ្ទះដែលលោកបានទិញពីលោក ជា សុភ័ក្រ នោះពិតជាមានប្លង់២ដូចស្ត្រីចំណាស់ខាងលើបានលើកឡើងមែនដែរឬទេ?​
លោក​ស្រី សេក ម៉ាលី បានឲ្យដឹងថាក្រោយអជ្ញាធរទទួលពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យក៍បានហៅគូរភាគគីទាំងសងខាងឲ្យទៅសាលាខណ្ឌពោធិ៍សែនជ័យ​ នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣  វេលាម៉ោង  ១៤:១០​នាទី ដើម្បីសម្រុះសម្រួលនិងដោះស្រាយនៅសាលាខណ្ឌពោធិ៍សែនជ័យតែលោកស្រី គង់ យ៉ាងធី និង ប្តីឈ្មោះ ជា សុភ័ក្រ មិនបានមកតាមការអញ្ចើញនោះទេ ហើយក៍បោះពាក្យថាចាំទៅជួបគ្នានៅតុលាការ។​

អង្គភាពសារព័ត៌មាន​យើងខ្ញុំក៍ធ្លាប់បានហៅទូរសព្ទទៅលោក ជា សុភ័ក្រ ចូលតែគ្មានមនុស្សលើក  Telegram ក៍មិនបានឆ្លើយតបអ្វីទាំងអស់ ចំណែកលោកស្រី គង់ យ៉ាងធី បានលើកទូរសព្ទហើយបានព្យាយាមអង្វរអ្នកសារពត៌មានយើងខ្ញុំម្តងហើយម្តងទៀត​ សុំមិនឲ្យចុះផ្សាយជាថ្នូរក្នុងការជូនសាគុណចំនួន$500​ តែយើងខ្ញុំមិនទទួល ក្រោយមកលោកស្រី គង់ យ៉ាងធី ក៍បានបង្ហាញប្លង់ផ្ទះលេខ C13​ និង​ 13C​ ដោយលើកលើងថាសុំមើលព្រំប្រទល់ផងគឺខុសគ្នា​ និង​ បង្ហាញឯកសារលេខ​ ០៧៦/០២៣ ចុះថ្ងៃទី០៤ខែសីហាឆ្នាំ២០២៣ ដែលទទួលស្គាល់ពីលោក វ៉ាន់ ចាន់ថុន  មេភូមិដំណាក់ត្រយឹង និង លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ដោយបញ្ជាក់ថាផ្ទះលេខ C13​ និង​ 13C ទាំងពីនេះពិតជាខុសគ្នាពិតប្រាកដមែន។​
ឯកសារទាំងអស់នេះហើយដែលលោកស្រី គង់ យ៉ាងធី បានយកទៅប្តឹងអតិថិជនរបស់ខ្លួនចំនួន៤នាក់បងប្អូន ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់​ឲ្យមានការរើសអើង ។​

ក្រោយលោកស្រី គង់ យ៉ាងធី  ថៅកែក្រុមហ៊ុន ធី សុភ័ក្រ ប្តឹងឡេីងសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សេក ម៉ាលី ក៍បានស្វែងរក​ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​ ឲ្យជួយផ្សាយរឿងខាងលើដើម្បីឲ្យបានដល់ថ្នាក់ដឹកនាំជួយស្វែងរកយុត្តិធម៌ជូនបងប្អូនខ្លួនទាំង៤នាក់ ក្រោយមកក៍មានមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃបានសួរនាំនឹងចុះមកស្រាវជ្រាវលើរឿងខាងលើនេះដល់ទីតាំងផ្ទះល្វែងរបស់គម្រោងក្រុមហ៊ុន ធី សុភ័ក្រ

មន្ត្រីនគរបាលយុត្តិធម៌ បានឲ្យលោក វ៉ាន់ ចាន់ថុន​ មេភូមិដំណាក់ត្រយឹង ចង្អុលបញ្ហាញរកផ្ទះលេខ C13​ និង​ 13C  តែលោក វ៉ាន់ ចាន់ថុន រកឃើញតែផ្ទះលេខ 13C គឺជាផ្ទះរបស់លោក ឈាង សុគុណ ចំណែកផ្ទះលេខ C13 របស់ឈ្មោះ គឹម ជង់ហៀង គឺរកពុំឃើញនោះទេព្រោះផ្ទះលេខ​C13​ គឺគ្មានផ្ទះនោះទេ​ គឺមានតែប្លង់តែប៉ុណ្ណោះ ក្រោយរកផ្ទះមិនឃើញលោក វ៉ាន់ ចាន់ថុន មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃលើលិខិតបញ្ជាក់ថា

ខ្ញុំបាទឈ្មោះ វ៉ាន់ ចាន់ថុន ភេទ ប្រុស អាយុ៥១ឆ្នាំ មេភូមិដំណាក់ត្រយឹង ប្រើប្រាស់ទូរសព្ទលេខ ០១២ ៧៩៩ ៣៤៣ ស្នាក់នៅផ្ទះលេខ៤៥ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។​
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវនៅចំណុចផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ដោយមានការចូលរួម

១.លោកវរសេនីយ៍​ទោ អឿន ភក្ត្រា

២.លោកអនុសេនីយ៍ឯក សំ ឌីណូ

៣.លោកអនុសេនីយ៍ឯក ង៉ាន ក្រុង នាយរងប៉ុស្តិ៍នគរបាល​រដ្ឋបាលចោមចៅទី២

៤.លោកអនុសេនីយ៍ទោ ឈួន ច័ន្ទរមណី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២

បានចុះស្រាវជ្រាវផ្ទៀងផ្ទាត់ជាក់ស្តែង នៅចំណុចទីតាំងខាងលើ គឺរកពុំឃើញមានផ្ទះលេខ C13 ទេ មានតែផ្ទះលេខ​ 13C​ តែប៉ុណ្ណោះ។​
ខ្ញុំបាទសូមបញ្ជាក់ថា នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺពុំមានផ្ទះលេខ​ C13​ នោះទេ។​
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣  ហត្ថលេខា  ស្នាមមេដៃ វ៉ាន់ ចាន់ថុន  មេភូមិដំណាក់ត្រយឹង​។

អង្គភាពសារព័ត៌មាន​យើងខ្ញុំរងចាំការស្រាយបំភ្លឺពីភាគគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការសូមអរគុណ។​១៧.១០.២០២៣