គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ តុលា បណ្តាលឲ្យមនុស្សស្លា…..ប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៣១នាក់ ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើស ១២គ្រឿង ត្រូវបានផាកពិន័យផងដែរ

30

ភ្នំពេញ៖  ក្រោយពីថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់ពីស្រុកកំណើតតាមបណ្ដាលខេត្ត ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្ស ស្លាប់ ៦នាក់ (ស្រី ០នាក់), របួសធ្ងន់ស្រាល ៣១នាក់ (ស្រី ០៨នាក់) និងមិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ១៨នាក់) ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែតុលា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), របួសធ្ងន់ ១៥នាក់ (ស្រី ០៤នាក់), និងរបួសស្រាល ១៦នាក់ (ស្រី ០៤នាក់) គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៩លើក (យប់ ១៦លើក) រួមមាន ៖ កត្តាល្បឿន ៩លើក (ស្លាប់ ០៤នាក់), មិនគោរពសិទ្ធិ ០២លើក ,មិនប្រកាន់ស្តាំ ០៤លើក (ស្លាប់ ០១នាក់), ប្រជែងគ្រោះថ្នាក់ ០២លើក, ស្រវឹង ០២លើក (ស្លាប់ ០១នាក់)។

ចំពោះលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៥ តុលា នេះផងដែរ រកឃើញយានយន្តល្មើស ១២គ្រឿង ត្រូវបានផាកពិន័យ។
តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៥គ្រឿង រថយន្តតូច ៨គ្រឿង និងម៉ូតូ ០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២គ្រឿង (១៤ករណី) រថយន្តតូច ០៨គ្រឿង (១០ករណី) និងម៉ូតូចំនួន ៤គ្រឿង (០៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ ស្មើនឹងគោរពជីវិតខ្លួនឯង