សៀមរាប៖ ក្រោយពីទទួលបានការផ្សព្វផ្សាយ យុទ្ធនាការកាត់បន្ថការប្រើប្រាស់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលជាផែនការយុទ្ធសាស្ដ្រដំណាក់កាលដំបូង របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដាក់ចេញឱ្យអនុវត្ដកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺពិតជាមានការការចូលរួមជាច្រើនកុះករ តាមបណ្ដា សាលារៀន និងទីកន្លែងផ្សេងៗ ទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងណាមិញ ក៏មានឃើញភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប មានឈ្មោះថាភោជនីយដ្ឋាន “ភូមិរីករាយ” ក៏បានចូលរួមអនុវត្ដនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងបរិវេណភោជនីយដ្ឋានរបស់ខ្លួនផងដែរ ដោយមានការស្ម័គ្រចិត្ដ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងអំពីយុទ្ធនាការដែលដាក់ចេញដោយក្រសួងបរិស្ថាន ព្រមទាំងចូលរួមផ្សព្វផ្សាយបន្ដ នូវយុទ្ធនាការនៃការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកជូនអតិថិជន ឬ ភ្ញៀវ ដែលមកកម្សាន្ដនៅភោជនីយដ្ឋាន ភូមិរីករាយ ក្រោមពាក្យស្លោកពីរឃ្លា “យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា” និង “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។
លោក ឆាត វណ្ណឆា ម្ចាស់ភោជនីយដ្ឋានភូមិរីករាយ បានចូលរួមប្ដេជ្ញាជាមួយក្រសួងបរិស្ថាន ក្នុងការផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបាន ភ្ជាប់នូវឈ្មោះទីតាំងកញ្ចុះមួយកន្លែងជាគំរូ មានឈ្មោះថា “ផ្ទះបរិស្ថាន” ព្រមទាំងពាក្យស្លោកពីរឃ្លា សម្រាប់ទុកជាការផ្សព្វផ្សាយជូនភ្ញៀវដែលមកកម្សាន្ដឱ្យចូលរួមអនុវត្ដ ដើម្បីបរិស្ថានស្អាត សោភ័ណ្ឌភាពល្អ និងសុខភាពល្អ។
លោក ឆា វណ្ណឆា បានបន្ដថា ទីតាំងភោជនីយដ្ឋានភូមិរីករាយ បច្ចុប្បន្នកំពុងដាក់ឱ្យប្រើប្រាស់ឧបករណ៍កែឆ្នៃដោយ រុក្ខជាតិ ចេញពីធម្មជាតិ ដូចជា ចាន ចង្កឹះ ស្លាបព្រា និង ទ្រនាប់ ធ្វើពីដើមត្នោត និងរុក្ខផ្សេងៗជាអត្តសញ្ញាណខ្មែរ ព្រមទាំងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់កែវធ្វើពីប្លាស្ទិកទេ។
គួរកត់សំគាល់ថា ភោជនីយដ្ឋាន ភូមិរីករាយ បានធ្វើការតុបតែងទីតាំងតាមបែបធម្មជាតិ ដែលមានសោភ័ណ្ឌភាពយ៉ាងស្រស់ស្អាត និងមានផាសុខភាព ព្រមទាំងមានម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខផងដែរ។