សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “

50

នៅរសៀល ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតជ្រុងចង្វារ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរចំពោះអ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងតួសម្ដែងទាំងអស់ ក្នុងការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» រហូតឈានដល់ការបិទបញ្ចប់ជាផ្លូវការនាថ្ងៃនេះ។សម្ដេចតេជោ បានមានប្រសាសន៍ថា រឿងភាគប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បើថត គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងអស់ អាចឈានដល់ជាង ៣០០ ភាគ។សម្ដេចតេជោបន្តថាការរីកចម្រើននៅកម្ពុជា បានបង្កឱ្យមានការលំបាកខ្លាំងដល់ដំណើរការថ តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដើម្បីឱ្យត្រូវតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ដំ ណើរការថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាការចំណាយច្រើនបំផុតមិនធ្លាប់ មាននៅក្នុងប្រវត្តិនៃការថតភាពយន្តនៅកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន សោកស្ដាយចំពោះសាក្សីប្រវត្តិសាស្ត្រ ដែលបានទទួលមរណភាពនៅអំឡុងពេលថតខ្សែភាពយន្តប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលមិនបានមើល ភាពយន្តនេះ នៅក្រោយថតចប់ ក្នុងនោះមានដូចជាឯកឧត្ដម សុខ សារឿន, សម្ដេច ហ៊ុន ណេង, អ្នក គ្រូពេទ្យ តាំង លី និងប្អូនថ្លៃស្រីសម្ដេចតេជោ ជាដើម។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចនឹងមិនអនុញ្ញាតឱ្យថតសាច់រឿងរបស់សម្ដេចផ្សេងទីពីរ ដែលមានការបញ្ចូលដាក់មនោសញ្ចេតនារបស់អ្នកនិពន្ធ នាំឱ្យខុសប្រវត្តិសាស្រ្ដឡើយ។

នៅថ្ងៃនេះ សម្ដេចតេជោចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? សម្ដេចតេជោ បន្តថា ការលះបង់របស់សម្តេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។សម្ដេចតេជោបានផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេចឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះតែងតែនិយាយថាសម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ សម្តេចអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ។

នៅថ្ងៃនេះ សម្ដេចតេជោបានមានប្រសាសន៍ថា បើអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅ តែបន្តរស់នៅជាមួយប្រជាជនអ៊ីស្រាអែល យើងមិនរត់ចោលប្រជាជនអ៊ីស្រាអែលនោះទេ។ បើអ៊ីស្រាអែល តម្រូវឱ្យយើងជម្លៀសនិស្សិតជាង ៤០០ នាក់ចេញពីអ៊ីស្រាអែល កម្ពុជាមិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិតទាំងនោះ នោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា  សង្គ្រាមនៅអ៊ីស្រាអែល អាចរាលដាលទៅដល់លីបង់ ដែលមានក្រុមចលនាហេសប៊ូឡានៅទីនោះ។សម្ដេចតេជោ អំពាវនាវ ដល់ប្រទេសអ៊ីស្រាអែល និងហាម៉ាស់ ប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ និងប្រកាន់យកនៅការចរចារគ្នា ដើម្បីឈានទៅបញ្ចប់ការឈប់បាញ់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែសម្តេចមានសិទ្ធិខាងនយោបាយ។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បាមផ្ដល់ថវិកាជូនតួសម្ដែងនៅក្នុងភាពយន្តប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាង ៤០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០ ដុល្លារ និងបំពាក់មេដាយ និងគ្រឿងឥស្សរិយសសជូន។

ចំពោះកុមារា កុមារី ដែលបានចូលរួមសម្ដែងនៅក្នុងភាពយន្តប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភនូវខ្សែកមាសទម្ងន់ ៥ ជីក្នុងម្នាក់ៗ ជំនួសឱ្យការមិនបានមេដាយ ដោយសារនៅជាកុមារ៕