ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ជួបសំណេះសំណាល និងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅបរិវេណសាលាខណ្ឌច្បារអំពៅ ។
លោកអភិបាលខណ្ឌ បានណែនាំហាមប្រាមដាច់ខាតដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ គឺ កុំនាំគ្នាលេងល្បែងស៊ីសងគ្រប់ប្រភេទ និងកុំសេពគ្រឿងញៀន បើមានបុគ្គលណាម្នាក់លួចប្រព្រឹត្តិអំពើអបាយមុខទាំងអស់នេះ ខុសផ្ទុយពីវិន័យកងកម្លាំងសន្តិសុខ គឺនឹងត្រូវបញ្ឈប់ពីការងារ តែម្តង និងក្រើនរំលឹកជាថ្មីម្តង ហើយម្តងទៀត ដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវបន្តការរក្សាបាននូវសាមគ្គីភាពរវាងគ្នា និងគ្នាឱ្យបានល្អ និងបញ្ចៀសឱ្យខាងតែបាននូវរាល់ សកម្មភាពអសីលធម៌ទាំងឡាយទៅលើពលរដ្ឋ កំឡុងពេលចុះបំពេញការងារបស់ខ្លួន ដូចជាការប្រើអាកប្បកិរិយាច្រងេងច្រងាង ឬពាក្យសំដីមិនសមរម្យជាដើម ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរលើដងផ្លូវ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។
ដើម្បីអបអសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះដែរ លោកអភិបាលខណ្ឌបានឧបត្ថម្ភ ដល់កម្លាំងសណ្តាប់ខណ្ឌក្នុងម្នាក់ៗទទួល បានថវិកា១០ម៉ឺនរៀល អង្ករ៣៥ គីឡូក្រាម និងភេសជ្ជៈ០១កេស ៕