កម្ពុជាចូលរួមសហការជាមួយសហគមន៍អឺរ៉ុបលើកិច្ចសហប្រតិបត្តិការ «បៃតង» ក្នុងក្របខណ្ឌអាស៊ាន-អឺរ៉ុប កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំអាស៊ាន និងលោកជំទាវ Carmen Monero ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ឯកឧត្តម Igor Driesmans បានមានប្រសាសន៍លើកឡើងនូវការគិតគូរអំពីកិច្ចសហប្រតិបត្តិការ «បៃតង» នៅក្នុងក្របខណ្ឌអាស៊ាន-អឺរ៉ុប ដែលនឹងក្លាយជាកត្តាជំរុញបន្ថែមទៀតនូវរបៀបវារៈពាក់ព័ន្ធនឹងវិស័យបរិស្ថាន នៅ ក្នុងតំបន់អាស៊ាន។ កិច្ចសហប្រតិបត្តិការបៃតងអាស៊ាន-អឺរ៉ុបនេះ នឹងរួមមាននូវ គំនិតផ្ដួចផ្ដើមថ្មីៗ ជាអាទិ៍ហិរញ្ញប្បទាននិងការវិនិយោគប្រកបដោយចីរភាព ការជំរុញសេដ្ឋកិច្ចបៃតង ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ថាមពលស្អាត និងការបន្ស៊ាំនិងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាដើម។ សហភាពអឺរ៉ុបក៏នឹងស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន-អឺរ៉ុប នៅក្នុងពេលខាងមុខនេះផងដែរ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានថា កម្ពុជា ក្នុងនាមជាប្រធានវិលជុំអាស៊ាន ត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការបៃតងនេះ ហើយកម្ពុជាស្នើ ឱ្យមានគំនិតផ្ដួចផ្ដើមមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងឥណទានកាបូន ការគ្រប់សំណល់ប្លាស្ទិកក្នុងសមុទ្រ ការអភិវឌ្ឍបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍសហគមន៍មូលដ្ឋានក្នុងតំបន់អាស៊ាន។