ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោក ចាន់ ឈាងគ្រី និងលោកស្រី នង ណារុង ចំពោះមរណភាពលោក ចាន់ ឧត្តម ដែលជាកូនបង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់។
សារលិខិតដែលសម្តេចតជោ បានផ្ញើជូនក្រុមគ្រួសាររបស់និស្សិត ចាន់ ឧត្តម មានខ្លឹមសារដូចខាងក្រោម៖
«ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរំជួលចិត្តឥតឧបមានិងការ សោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូនបង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួលមរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខប្រកប ដោយក្តីសង្វេគ សោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោក លោកស្រី និង ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធានមនុស្ស មួយរូបដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សា ដើម្បីបង្កើនកម្រិតសមត្ថភាពយកមកបំរើ ប្រទេសជាតិ។
ជាមួយគ្នានេះដែរ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ» ៕