ភ្នំពេញ៖ ក្រោយពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំដល់គ្រប់អង្គភាពត្រូវរឹតបន្តឹងចំពោះបញ្ហាគ្រឿងញៀន មានអង្គភាពចំណុះក្រសួងមហាផ្ទៃមួយចំនួនបានប្រកាសពីការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្រ្តីសមត្ថកិច្ច។
ជាក់ស្តែងអគ្គនាយកដ្ឋានពន្ធនាគារបានដាក់ចេញនូវវិធានការក្នុងការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្រ្តីពន្ធនាគារ និងជនជាប់ឃុំក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្រ្តីពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព និងការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងថា គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារបាន១,៣៤៧នាក់ និងធ្វើតេស្តលើអ្នកជាប់ឃុំបានចំនួន៣៤៧នាក់។ ទាក់ទងនឹងលទ្ធផលលោកមិនទាន់អាចបញ្ជាក់បានទេ ដោយសារក្រុមការងារកំពុងធ្វើកិច្ចការនេះ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតបានឱ្យដឹងដែរថា លោកតែងពិនិត្យលើកងកម្លាំងរបស់លោកតាំងពីអាណត្តិមុនៗមកម្ល៉េះ។ ចំពោះមន្រ្តីណាដែលរកឃើញថាសេពគ្រឿងញៀននឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ខណៈមន្រ្តីដែលសេពនិងចែកចាយគ្រឿងញៀននឹងបណ្តេញចេញ ហើយថែមទាំងត្រូវផ្តន្ទាទោសតាមច្បាប់។ លោកស្នងការបន្តថា ក្នុងភូមិសាស្រ្តខេត្តកំពតសមត្ថកិច្ចបង្រ្កាបជាប្រចាំ តែការបង្រ្កាបបទល្មើសគ្រឿងញៀនក៏ប្រឈមការលំបាកច្រើន។
សម្រាប់លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនលើមន្រ្តីសមត្ថកិច្ចនេះ លោកមិនមែនទើបតែអនុវត្តពេលនេះទេ គឺលោកតែងតែធ្វើជាប់ជានិច្ច។ លោកថា បើសិនរកឃើញមានសមត្ថកិច្ចណាម្នាក់មានផ្ទុកសារធាតុញៀននឹងត្រូវចាត់ការតាមការណែនាំរបស់ថ្នាក់ដឹកនាំ។លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ធ្លាប់បានប្រាប់វិទ្យុវាយោថា លោកគាំទ្រចំពោះចំណាត់ការក្ដៅលើកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធគ្រឿងញៀន។ ប៉ុន្ដែលោកយល់ថាក្នុងដំណាក់កាលនេះរដ្ឋគួរតែរកឱ្យឃើញពីចំនួនសិន ហើយអនុវត្ដសន្សឹមៗព្រោះកងកម្លាំងប្រដាប់អាវុធមិនអាចធ្វើអ្វីតាមការចង់បានភ្លាមៗនោះទេ។
សូមជម្រាបថា ថ្មីៗនេះលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះកងទ័ពដែលជាប់ពាក់ព័ន្ធនឹងបទល្មើស និងសេពគ្រឿងញៀន ដោយដកចេញពីក្របខ័ណ្ឌ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាយទាហាន០១រូប និងយោធិន០២រូបត្រូវបានដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រោមមូលហេតុប្រើប្រាស់សារធាតុញៀនខុសច្បាប់៕