រដ្ឋមន្ត្រីក្រសួងព័ត៌មាន សុំបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះ”

91

ភ្នំពេញ ÷ ឯកឧត្តម នេត ភត្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផុសក្នុងបណ្ដាញហ្វេសប៊ុក ផេក នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានមានប្រសាសន៍ថា÷ នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សានិងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។

ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។

ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!