អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបើកការហោះហើរ និងចុះចតសាកល្បងមុនបើកឲ្យដំណើរការ ទទួលបានជោគជ័យ

36

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកដំណើរការសាកល្បងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិ ដែលចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។

បើតាមឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយក អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាបអង្គរ ថា ជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង មានក្រុមហ៊ុនអាកាសចរចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ការហោះហើរសាកល្បងនេះ បានចុះចតដោយសុវត្ថិភាព ខណៈដែលអ្នកដំណើរមានភាពសប្បាយរីករាយ ព្រោះពួកគាត់មិនដែលបានជួបកន្លងមក។ឯកឧត្ដម បានសម្ដែងមោទភាពដែលប្រទេសកម្ពុជា មានព្រលានយន្ដហោះខ្នាតអន្ដរជាតិ សម្រាប់ចុះចតនៅយន្ដហោះធំៗដូចនៅលើពិភពលោកដែរ។ជាលទ្ធផលនៃការសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

សេចក្ដីប្រកាសព័ត៌មាន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងការចុះត្រួតពិនិត្យដំណើរការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្មទាំងបីក្រុមហ៊ុននេះ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ អមដោយមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ព្រមទាំងតំណាងវិស័យឯកជនមួយចំនួនផងដែរ បានចុះពិនិត្យជាក់ស្ដែងនូវដំណើរការមួយចំនួនចាំបាច់ទាក់ទងទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាស និងបានវាយតម្លៃខ្ពស់លើដំណើរការបញ្ចាចរាចរដែនអាកាសនៅត្រង់ចំណុចប៉មបញ្ហាហោះហើរ ដំណើរការទទួល អ្នកដំណើរតាមផ្លូវអាកាសនៅចំណុចចំណតអាកាសយាន ដំណើរការចុះឈ្មោះឡើងអាកាសយាន ដំណើរការ ត្រួតពិនិត្យសន្តិសុខអាកាសចរណ៍ និងដំណើរការផ្សេងៗទៀត រហូតដល់អ្នកដំណើរតាមផ្លូវអាកាស បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានបញ្ជាក់ថា ព្រលានយន្ដហោះអន្តជាតិសៀមរាបអង្គរនេះ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាង ដែលនឹងចូលរួមចំណែកពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗនិងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបមិនអាចទទួលបាន ពីព្រោះទីតាំងស្ថិតនៅជិតបំផុតតំបន់បេតិកភណ្ឌអន្តរជាតិអង្ករ។

ជាមួយគ្នានេះ ស្ថិតនៅក្រោមម្លប់សុខសន្តិភាព និងក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាកាសយានដ្ឋានអន្តរ ជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាននិងពិភពលោក។

សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕