តាមប្រភពព័ត៌មានដែល VPN TV ONLINE ទទួលបានពីបណ្ដាញសារព័ត៌មាន The Mirror News នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន លួចចុះអនុវត្តរក្សាការពារស្ងាត់ៗមិនជូនដំណឹងទៅពួកគាត់ ហើយអនុវត្តលើសកម្រិតអនុញ្ញាតក្នុងដីកាសម្រេចរបស់តុលាការ ដោយឈូសឆាយផលដំណាំប្រជាពលរដ្ឋ កម្ទេចផ្ទះចាស់ និងកសាងផ្លូវថ្មីលើដីឯកជន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈរឿងវិវាទកំពុងជាប់គាំងនៅក្នុងតុលាការនៅឡើយ។
បើតាមចៅសង្កាត់អូរជ្រៅ លោក វ៉ា ជឹមសារ៉េត បានផ្ដល់បទសម្ភាស៍ជាមួយភ្នាក់ងារ The Mirror News កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ថា ដោយសារតែមានបណ្ដឹងសុំបើកផ្លូវ និងមានសេចក្ដីសម្រេចពីតុលាការឲ្យបើកផ្លូវ ក្នុងនាមលោកជាអាជ្ញាធរចុះមកតាមការស្នើសុំរបស់លោកអាជ្ញាសាលា ហើយក៏បានអនុវត្តរួចរាល់ហើយដែរ។ លោកចៅសង្កាត់បន្តថា អាជ្ញាធរគ្រាន់តែមកឃាត់កុំឲ្យធ្វើអ្វីដែលវាខុស បើចង់តតាំងអី តតាំងនៅតុលាការទៅ បើឈ្នះចាញ់របស់បងប្អូនទេ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរអត់មានអីពាក់ព័ន្ធ ក៏ប៉ុន្តែកុំឲ្យធ្វើបិទឡើងវិញ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋឈ្មោះ ឈរ ស៊ុនលី បានតបថា លោកចៅសង្កាត់ វ៉ា ជឹមណារ៉េត បានធ្វើឯកសារភស្តុតាងក្លែងបន្លំកុហកតុលាការ និងថ្នាក់ដឹកនាំថា រូបខ្ញុំ បានធ្វើរបងបិទផ្លូវចាស់ តែការពិតនៅលើទីតាំងដីរបស់ខ្ញុំនេះ មិនមានផ្លូវចាស់នោះទេ ហើយជាដីវិវាទជាមួយលោកប៉ូលីសផ្កាយបី យឹម សំណាង ជាមួយនឹងរូបខ្ញុំ និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត។
បើតាមលោកមេធាវី ឡុង បញ្ញាវុធ មេធាវីតំណាងឱ្យលោក យឹម សំណាង បានឲ្យដឹងដែរថា រឿងវិវាទដីធ្លីនេះ យើងដើរតាមនិតិវិធីរបស់តុលាការ ហើយការអនុវត្តបើកផ្លូវនេះ គឺយើងអនុវត្តន៍តាមការសម្រេចរបស់តុលាការ មានការសម្រេចពីតុលាការខេត្តបន្ទាយមានជ័យ និងការសម្រេចរបស់តុលាការឧទ្ធរណ៍ ខេត្តបាត់ដំបង ហើយក៏បានស្នើសុំការអនុវត្តន៍បើកផ្លូវហ្នឹង ព្រោះកូនក្ដីរបស់លោកក៏មានដីជម្រៅ៤៥០ម៉ែត្រ ដែលដីហ្នឹងមានជាង៤ហិកតា។
បើតាមការឆ្លើយតបរបស់លោក ឈរ ស៊ុនលី និងប្រជាពលរដ្ឋដែលកំពុងមានវិវាទជាមួយលោកប៉ូលីសផ្កាយបី យឹម សំណាង បានអះអាងថា លោកប៉ូលីសផ្កាយបីមានតែប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីខុសច្បាប់ឆ្នាំ១៩៩៨ ហើយដែលត្រូវបានមោឃៈភាពដោយ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០០៤ និងដីកាសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យឆ្នាំ២០០៥ ហើយប្រជាពលរដ្ឋមានលិខិតកាន់កាប់ដីធ្លីឆ្នាំ២០០៦ ចេញដោយអាជ្ញាធរឃុំប៉ោយប៉ែត (បច្ចុប្បន្នសង្កាត់អូរជ្រៅ) ហើយនៅឆ្នាំ២០១៨ ប្រជាពលរដ្ឋចុះបញ្ជីដីជាប្រព័ន្ធ ដោយទទួលបានបង្កាន់ដៃចុះបញ្ជីដីតាមក្បាលដីនីមួយៗ។
បើតាមលោក ភ្លាន ពិសិដ្ឋ អាយុ៤៣ឆ្នាំ មានមុខរបរជាកម្មករបានឲ្យដឹងថា លោកមករស់នៅទីនេះតាំងពីឆ្នាំ២០០៤ ដែលលោកមករស់នៅដំបូងឡើយគឺលោកមិនទាន់មានកូនទេ ប៉ុន្តែបច្ចុប្បន្នលោកមានកូនៗចំនួន៥នាក់ហើយ កូនបងគេបង្អស់មានអាយុ១៦ឆ្នាំហើយ។ លោកបន្តថា លោកមករស់នៅទីនេះគឺលោកបានទិញដីពីគេឈ្មោះ ម៉ៅ បូរ៉ា ដែលមានទំហំ១៤ម៉ែត្រ គុណនឹង៣០ម៉ែត្រ ដែលមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។ តាំងពីលោកមករស់នៅមក មិនដែលមានឈ្មោះ យឹម សំណាង មកប្តឹងទាមទារ ឬប្តឹងជំទាស់តវ៉ានោះទេ គិតពីឆ្នាំ២០០៤ ដល់ដើមឆ្នាំ២០១៩។
លោក ភ្លាន ពិសិដ្ឋ បានបន្តឲ្យដឹងបន្ថែមថា នៅកំឡុងឆ្នាំ២០១៨ អាជ្ញាធរបានចុះមកវាស់វែងដើម្បីធ្វើប្លង់កម្មសិទ្ធិ (ប្លង់រឹង) ជូនពួកគាត់ ហើយពួកគាត់ក៏បានទទួលចុងសន្លឹកសម្រាប់ទុកទទួលប្លង់កម្មសិទ្ធិដែរ ប៉ុន្តែស្រាប់តែនៅឆ្នាំ២០១៩ ក៏លេចចេញមានឈ្មោះ យឹម សំណាង ប្ដឹងជំទាស់មិនឲ្យចេញប្លង់ជូនពួកគាត់ទៅវិញ ដែលឈ្មោះ យឹម សំណាង មិនមានបងប្អូនប្រជាពលរដ្ឋណាស្គាល់គាត់ សូម្បីតែលោកដែលជាអ្នកទិញដីនេះក៏អត់ស្គាល់ដែរ។ លោកបានបន្តថា ក្រោយមកខាងតុលាការបានហៅពួកលោកទៅដើម្បីចរចារ ប៉ុន្តែលោកថា លោកបានទិញម្ដងហើយ មានទាំងមេភូមិ មេឃយុំទទួលស្គាល់ពួកលោកហើយ ម៉េចត្រូវឲ្យពួកគាត់ទៅចរចាទៀត ដែលការចរចានោះគឺតម្រូវឲ្យពួកគាត់គុណជាការ៉េបង់លុយឲ្យគេដើម្បីជាថ្នូរនឹងការចេញប្លង់កម្មសិទ្ធិអោយ ដូច្នេះលោកជាកម្មករមានកូនក្នុងបន្ទុក តើមានលុយឯណាទៅឱ្យលោកប៉ូលីសផ្កាយបី។
ពាក់ព័ន្ធការតវ៉ាមិនឲ្យឈូសឆាយបើកផ្លូវខាងលើនេះ លោក ភ្លាន ពិសិដ្ឋ បានស្នើសុំឲ្យចេញប្លង់កម្មសិទ្ធិស្រប់ច្បាប់ឲ្យពួកគាត់ជាមុនសិន ទើបពួកគាត់អនុញ្ញាតឲ្យបើកផ្លូវនេះ ព្រោះពួកលោកខ្លាចគេបើកផ្លូវហើយ យកដីរបស់ពួកគាត់ដោយងាយស្រួល ដែលការបើកផ្លូវនេះ គេប្រើពាក្យថា ឈ្មោះ យឹម សំណាង ជាអ្នកសម្បទានធ្វើផ្លូវនេះ។ នៅទីតាំងដីនេះ មិនដែលមានផ្លូវនោះទេ ជាដីឯកជនដែលលោក ឈរ ស៊ុនលី ជាអ្នកកាន់កាប់។