(ភ្នំពេញ)÷អភិបាលខណ្ឌដូនពេញ លោក ជា ខេមា នៅវេលាម៉ោង៩ព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាឲ្យមន្ត្រីជំនាញកោះហៅបុគ្គលឈ្មោះ ខុង ស៊ាងហ៊ី មកធ្វើការសាកសួរទាក់ទងនឹងបញ្ហាប្រើប្រាស់ពាក្យសម្តី និងកាយវិកាមិនសមរម្យទៅលើលោកស្រី ប៉ែន អ៊ិន ចៅសង្កាត់ផ្សារកណ្តាលទី២ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន VPN TV ONLINE ទទួលបាននៅថ្ងៃនេះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីលោក ជា ខេមា បានសាកសួរ និងណែនាំរួចមក បុគ្គលឈ្មោះ ខុង ស៊ាងហ៊ី ក៏បានយល់ព្រមទទួលស្គាល់កំហុសខុសឆ្គងរបស់ខ្លួនដែលប្រើប្រាស់ពាក្យសម្តី និងកាយវិកាមិនសមរម្យដោយសារតែមានអារម្មណ៍ឆេវឆាវមួយពេល និងសូមទទួលស្គាល់នូវកំហុសរបស់ខ្លួនផងដែរ។
ជាមួយនោះ បុគ្គលឈ្មោះ ខុង ស៊ាងហ៊ី ក៏បានសូមអភ័យទោសពីសំណាក់លោកស្រី ចៅសង្កាត់ ព្រមទាំង សូមសន្យាថា មិនឱ្យមានកាយវិកា និងពាក្យសម្តីបែបនេះតទៅទៀតទេ ហើយក៏ធ្វើការសូមអភ័យទោសពីសាធារណៈជននូវទង្វើរបស់ខ្លួនដូចមានវីដេអូក្នុងបណ្ដាញសង្គម។
ទាក់ទិនករណីខាងលើ អភិបាលខណ្ឌដូនពេញ លោក ជា ខេមា ក៏បានសែរទំព័រហ្វេសប៊ុកផ្លូវរបស់រដ្ឋបាលខណ្ឌដូនពេញដោយបានភ្ជាប់នឹងខ្លឹមសារថា «សច្ចៈ ទៀងត្រង់ គុណធម៌ ជាមូលដ្ឋានគ្រឹះសម្រាប់ដឹកនាំ»៕