អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា(ACU) សុំការបំភ្លឺពីស្មៀន និងចៅសង្កាត់ចោមចៅទី១ ពាក់ព័ន្ធករណីទារប្រាក់ថ្លៃសេវាឯកសារដែលពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា

19

ភ្នំពេញ៖លោក សូរ ភ័ក្រ្តលំពង្ស ស្មៀនសង្កាត់ចោមចៅទី១ និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ចេញលិខិតសុំការបំភ្លឺករណីទារប្រាក់ថ្លៃសេវាគ្រប់ឯកសារដែលពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា ព្រមទាំងមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្រ្តីជាង ២០០លានរៀល ។
ការចេញលិខិតសុំការបំភ្លឺរបស់របស់ អង្គភាពប្រឆាំងអំពើពុករលួយ នេះ យោងតាមពាក្យប្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។
យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួល និងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងថា លោក សូរ ភ័ក្រ្តលំពង្ស ស្មៀនសង្កាត់ចោមចៅទី១ និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារនៅពេលប្រជាពលរដ្ឋទៅស្នើចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ ហើយចំពោះការស្នើសុំជួសជុល ឬសាងសង់ បើសិនគ្មានប្រាក់បង់ជូនទេ លោក សូរ ភ័ក្រ្តលំពង្ស និងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់របស់ប្រជាពលរដ្ឋ ។
នៅក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដដែលបន្ថែមទៀត ថា លោក សូរ ភ័ក្រ្តលំពង្ស ស្មៀនសង្កាត់ចោមចៅទី១ និង លោក កង វង ចៅសង្កាត់ចោមចៅទី១ មិនបានបើកប្រាក់រង្វាន់លើកទឹកចិត្តជាង ២០០លានរៀល ចាប់តាំងពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ ជូនមន្រ្តី ទៀតផង ។
ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សូមអោយលោក សូរ ភ័ក្រ្តលំពង្ស ស្មៀនសង្កាត់ចោមចៅទី១ បំភ្លឺករណីនេះ មក អង្គភាពប្រឆាំងអំពើពុករលួយ វិញអោយបានឆាប់ ហើយការបំភ្លឺរបស់លោក គឺ ជាមូលដ្ឋានសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ ពិចារណាថា ត្រូវសម្រេចបញ្ចប់នីតិវិធី ឬ ត្រូវបន្តលើពាក្យបណ្ដឹងនេះ ៕