ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Saleh Mohamed Ahmed Alsaqri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូម៉ង់ ដែលទើបតែត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មី ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព បន្ទាប់ពីឯកឧត្តម ឯកអគ្គរាជទូត បានអញ្ជើញថ្វាយសារតាំង ជូនព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្ដែងនូវក្តីរីករាយ និងអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរាជទូតតែងតាំងថ្មី ដែលជាឱកាសមួយ បង្កលក្ខណៈងាយស្រួល ដើម្បីឱ្យប្រទេសទាំងពីរ ពង្រឹងនូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។
ឯកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូម៉ង់ ដែលកន្លងមកបានជួយសម្របសម្រួលដល់និស្សិតកម្ពុជា ដែលបានជាប់គាំងក្នុងបណ្ដាប្រទេសជិតខាងនៃប្រទេស អូម៉ង់ ដោយសារសង្គ្រាម ឲ្យបានវិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាព ដោយក្នុងនោះមាននិស្សិតកម្ពុជាចំនួន ១៦នាក់ បានជាប់គាំងនៅប្រទេសយេម៉ែនកាលពីឆ្នាំ២០១៥។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសុខដុមរមនាកម្មនៃកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជាមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម ក៏បានលើកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហគមន៍ឥស្លាមមានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជាក៏មានឱកាសចូលរួមបម្រើការងារក្នុងជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ ។
លើសពីនោះទៀតនោះ រដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់សិទ្ធិដល់សហគមន៍ឥស្លាមកម្ពុជាក្នុងការរៀបចំស្ថាប័នហាឡាលកម្ពុជា ដែលជាតម្រូវការទីផ្សារដ៏ចាំបាច់មួយ សម្រាប់ទីផ្សារពិភពអារ៉ាប់ និងប្រទេសឥស្លាមផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីវិស័យ ទេសចរណ៍ កសិកម្ម អប់រំ និង វិស័យ មនុស្សធម៌ ដោយបានស្នើឲ្យ ឯកឧត្តមឯកអគ្គរាជទូត ជួយសហការ និងផ្សព្វផ្សាយដល់រដ្ឋាភិបាល និងប្រជាជនអូម៉ង់ ក៏ដូចជាបណ្តាប្រទេសផ្សេងៗ មកវិនិយោគ និង ទស្សនានៅកម្ពុជាផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គរាជទូត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ឯកឧត្តមក៏សូមអរគុណ និងកោតសរសើរចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំឱ្យមានសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការរើសអើង។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបន្តទៀតថា ក្រៅពីការពង្រឹងទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យ ក្នុងនាមឯកឧត្តមតំណាងឲ្យ រាជរដ្ឋាភិបាលប្រទេសអូម៉ង់ សូមស្វាគមន៍ និងបន្តជួយជ្រោមជ្រែង ទៅលើវិស័យមនុស្សធម៌ និងវិស័យអប់រំ ជាពិសេសសហគមន៍ឥស្លាមនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរថាអូម៉ង់ និងកម្ពុជា អាចធ្វើការសហការគ្នាលើវិស័យវប្បធម៌ បេតិកភ័ណ្ឌនានានៃប្រទេសទាំងពីរ ដែលជាផ្នែកមួយជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើន។
ជាចុងក្រោយ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ថា លោកនឹងពាំនាំនូវសំណើនានា ជូនរដ្ឋាភិបាលអូម៉ង់ដើម្បីជ្រាប សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងល្អប្រសើរ បន្ថែមទៀត។
ក្រោយពីបញ្ចប់នូវជំនួបពិភាក្សាខាងលើ ឯកឧត្តម ទេសរដ្ឋមន្ត្រី និង ឯកឧត្ដមឯកអគ្គរាជទូតអូម៉ង់ រួមទាំងគណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចនៅ វិហារឥស្លាមអន្តរជាតិអាល់សារកាលភ្នំពេញ និងសហគមន៍ឥស្លាមដែលរស់នៅតាមដងទន្លេសាប ដូចជា វិហារគីឡូម៉ែត្រលេខ ៧ វិហារគីឡូម៉ែត្រលេខ ៨ និង វិហារគីឡូម៉ែត្រលេខ ៩ ផងដែរ៕