ឧកញ៉ាសម្បូររឿងអាស្រូវឆបោក ប៉ែន នួន ត្រូវបានតុលាការខេត្តកំពត សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ

55

កំពត៖ឧកញ៉ាសម្បូររឿងអាស្រូវពាក់ព័ន្ធបទល្មើសឆបោកនិងរំលោភលើទំនុកចិត្ត ត្រូវបានលោក ម៉ែន វណ្ណៈ អនុប្រធាននិងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនដែល  ទើបទទួលបាន នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ ។

ឧកញ៉ា ប៉ែន នួន ជាប់ចោទពីបទឆបោកនិងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិព្រៃពាយនិងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែមិថុនា ខែកក្កដា ខែកញ្ញា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន តាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ឧកញ៉ា ប៉ែន នួន ដែលសម្បូររឿងអាស្រូវប្រព្រឹត្តបទល្មើសឆបោក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពត ចាប់ខ្លួនម្តងទៀតហើយ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើសឆបោកមានស្ថានទម្ងន់ទោសនិងរំលោភលើទំនុកចិត្ត ខណៈកាលពីឆ្នាំ២០២០ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួននិងជាប់ពន្ធនាគារ ផងដែរ ។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ឧកញ៉ា ប៉ែន នួន ក៏ធ្លាប់ត្រូវបានជាប់ពន្ធនាគារនៅរាជធានីភ្នំពេញម្ដងរួចមកហើយ ហើយត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសផងដែរពាក់ព័ន្ធទៅនឹងបទល្មើសឆបោកទៅលើអាជីវករអស់ប្រាក់រាប់ម៉ឺនដុល្លារ ក្រោមភាពគម្រោងសាងសង់ផ្លូវជាតិលេខ៥ តែជាគម្រោងសាងសង់ខ្យល់ ប៉ុណ្ណោះ ៕