ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

17

រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងរៀបចំដែនដីទាំងអស់ បានប្រារព្ធពិធីអបអរសាទរចំពោះការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
តាមការអំពាវនាវរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ក៏ដូចជាទីវត្តអារាម ជនរួមជាតិកម្ពុជា បានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកយ៉ាងខ្ញៀវខ្ញារ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។


គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕