សមាជិក និងប្រធានសហគមន៍ភ្នំសេះ ស្ថិតនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងសែនជ័យស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ព្រៃសហគមន៍ដែលសម្បូរទៅដល់ធនធានធម្មជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅទីនោះប្រមាណជា១៦៩គ្រួសារ ដែលតែងតែអាស្រ័យផលទៅលើធនធានធម្មជាតិដូចជាជ័រ ផ្តៅ និងទឹកឃ្មុំជាដើម។ល។ ជាពិសេសតំបន់ភ្នំសេះគឺមានទំហំ ៣,០៨១ហិចតា និងជាជម្រកសត្វព្រៃដ៏សំខាន់។\
បច្ចុប្បន្នតំបន់ព្រៃសហគមន៍ភ្នំសេះកំពុងតែរងការបាត់បង់ក្នុងល្បឿនលឿនពីសំណាក់អ្នកចំណាកស្រុកមកពីខាងក្រៅកំពុងតែប្រព្រឹត្តបទល្មើសយ៉ាងណាធិបតេយ្យ ទោះបីជាមានការបង្ក្រាបពីកងកម្លាំងសមត្ថកិច្ចជាជាហូរហែកន្លងមកក៏ដោយ។
លោកប្រធានសហគមន៍បានបញ្ជាក់ថាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានបង្ក្រាបជាញឹកញាប់ ក៏ប៉ុន្តែនៅតែមិនអាចទប់ស្កាត់នូវការទន្ទ្រានយកដី និងព្រៃឈើ ដោយមួយចំនួនមកកាប់យកឈើ និងមួយចំនួនទៀតកាប់ដើម្បីដាំដំណាំដើម្បីបន្លំយកដី។
តំណាងឲ្យប្រជាពលរដ្ឋ និងសមាជិកសហគមន៍ភ្នំសេះ លោកបានសំណូមពរសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាពង្រឹងនិងបង្កើតកម្លាំងបន្ថែមដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យបានរឹងមាំ និងខ្លាំងជាងមុន ជាពិសេសសូមមេត្តាអនុវត្តតាមផ្លូវច្បាប់ទៅលើជនដែលបានប្រព្រឹត្តបទល្មើសព្រៃឈើ។