បាតុភូត «ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ» នឹងកើតមាននៅចុងសប្តាហ៍ក្រោយ

19

បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យដែលគេហៅថា «សមរាត្រី» ពន្លឺព្រះអាទិត្យរះចំកណ្តាលនៃកំពូលប្រាសាទអង្គរវត្ត នឹងកើតមានឡើងជាលើកទីពីរសម្រាប់ឆ្នាំ២០២៣ នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញានេះ ដូច្នេះ ភ្ញៀវទេសចរមិនគួរឱ្យរំលងផុតនោះទេ។

ក្រសួងទេសចរណ៍នាថ្ងៃទី១៤ ខែកញ្ញា បានអំពាវនាវក៏ដូចជាជូនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាប់ និងចូលរួមទស្សនា ផ្តិតយករូបភាពដ៏ស្រស់ត្រកាលក្នុងព្រឹត្តិការណ៍ដ៏កម្រនេះ។ ក្រសួងគូសបញ្ជាក់ថា៖«Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ។ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យ នៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ សូមបងប្អូនដែលស្រឡាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា និងកាណុង ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣»។

គួរឱ្យដឹងដែរថា ព្រឹត្តិការព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មន្ទីរទេសចរណ៍ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួនប្រមាណ ៨៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស មានចំនួនប្រមាណ ២២២៦នាក់ផងដែរ។

«សមរាត្រី» មានន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នា ហើយត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ។ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរដែលបានរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា តែប៉ុណ្ណោះចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ៕