ស្ទឹងត្រែង៖ ប្រពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នាធ្វើសំណើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យមើលទៅលើក្រុមហ៊ុនផលិតដំឡូងមីចំកាត់ ដែលបានបាញ់ថ្នាំទៅលើដំណាំចេកជះក្លិនបំពុលបរិស្ថាន បង្កផលប៉ះពាល់ផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ។
លោក សោម សារុន តំណាងឱ្យប្រជាពលរដ្ឋនៅភូមិឬទ្ធីសែមជ័យ២ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រជាពលរដ្ឋរងក្លិនអាសោចពីថ្នាំដែលកម្មករក្រុមហ៊ុនសផលិតដំឡូងមីចំកាត់ យកមកបាញ់លើដំណាំចេក ហើយបំភាយក្លិនមកតាមខ្យល់បង្កឱ្យប្រជាពលរដ្ឋ ជាពិសេសកុមាររៀននៅសាលាបឋមសិក្សាមានអការៈធប់ដង្ហើម ពុលក្អួត និងបរិភោគអាហារមិនកើត។ នេះជាករណីប្រឈមប៉ះពាល់ទៅដល់ផ្នែកសុខភាពរស់នៅ ប្រសិនបើក្រុមហ៊ុនគិតតែពីការមានបានរបស់ខ្លួន មិនគិតពីផលប៉ះពាល់សុខភាពសាធារណៈ ហើយថ្នាំនេះមានជាតិគីមីពុលក៍មិនដឹង ឬជាប្រភេទថ្នាំពុលសម្លាប់សត្វល្អិតក៍ថាបាន ព្រោះក្លិនវាធ្វើឱ្យមនុស្សពិបានដកដង្ហើមតែម្តង។
តំណាងឱ្យអគ្គនាយកក្រុមហ៊ុនផលិតដំឡូងមីចំកាត់ លោក សូ មិត្ត បានទទួលស្គាល់ថា កម្មករក្រុមហ៊ុនពិតជាបានបាញ់ថ្នាំ ដោយប្រើប្រាស់រថយន្តធំ ទៅតាមបច្ចេកទេសទៅលើដំណាំចេកពិតប្រាកដមែន។ លោកថា ថ្នាំនេះជាថ្នាំបំប៉នស្លឹកដំណាំគ្រប់ប្រភេទ វាមានក្លិនអាក្រក់មែន ហើយបញ្ហានេះក្រុមហ៊ុនបានទទួលដំណឹងពីប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធពីការធំក្លិនអាក្រក់នេះ។ ករណីនេះក្រុមហ៊ុននឹងធ្វើការកែប្រែគុណភាពថ្នាំមួយកម្រិត និងផ្លាស់ប្តូរពេលវេលាបាញ់ ដើម្បីកុំឱ្យជះក្លិនមិនល្អទៅលើប្រជាពលរដ្ឋ ។
ពាក់ព័ន្ធករណីនេះ លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ថា លោកនឹងឱ្យសមត្ថកិច្ចជំនាញបន្តតាមដានរឿននេះ ប្រសិនបើកម្ចាស់ក្រុមហ៊ុននៅប្រព្រឹត្តមិនកែប្រែ និងដាក់ពាក្យបណ្តឹងទៅស្ថាប័នជំនាញឱ្យមកពិនិត្យ និងផាកពិន័យចំពោះទង្វើរមិនគប្បីនេះ ព្រោះធ្វើអ្វីក៍ដោយត្រូវតែគិតពីសុខភាពសាធារណៈជាចំបង ។
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតដំឡូងមីចំកាត់នេះបានដាំដំណាំចម្រុះ និងធ្លាប់កើតរឿងរ៉ាវជាច្រើនករណីមកហើយដែរ ដោយសារតែការអនុវត្តការងារមិនត្រឹមត្រូវតាមកិច្ចសន្យា។
ក្រុមហ៊ុនត្រូវដាំដំឡូងមី តែមិនដាំបែមកដាំចេក ស្វាយ ខ្នុរ ទៅវិញ ហើយប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់សត្វល្អិតខ្លាំងបង្កផលប៉ះពាល់ផ្នែកសុខភាព៕