ឯកឧត្តម ប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

38

ខេត្តស្វាយរៀង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយឯកឧត្តមប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួសឯកឧត្តមម៉ែន វិបុល ដែលដាក់ឲ្យចូលនិវត្តន៍។

ឯកឧត្តមអភិសន្តិបណ្ឌិតបានផ្តាំផ្ញើរដល់ឯកឧត្តម អភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕