កាប់គ្នាដាច់កដៃ ពេទ្យថា តមិនកើតទេ ខណៈប៉ូលិសក្រុងពោធិ៍សាត់បង្ក្រាបបាន៦នាក់ តែមិនទាន់ដឹងថា មូលហេតុអ្វីទើបឈានដល់ការកាប់គ្នានោះទេ

98

លោកវរសេនីយ៍ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យបាន៦នាក់ពាក់ព័ន្ធករណីកាប់ទៅលើជនរងគ្រោះ រហូតដាច់កដៃ កាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណមានគ្នាប្រមាណជា៧នាក់ បានធ្វើសកម្មភាព បាញ់គ្រាប់ជំពាម និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឆ ឈន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឱ្យដាច់កដៃ ខាងឆ្វេង រួចគេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បី ត កដៃ ដែលបានដាច់ តែជាអកុសល ក្រុមគ្រូពេទ្យបានបញ្ជាក់ថា កដៃនេះមិនអាចតបានទេ។

ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចក៏មិនទាន់បានបញ្ជាក់ឱ្យដឹងច្បាស់ថា អាចជាករណីគំនុំ ឬយ៉ាងណានោះដែរ។

ចំពោះប្រតិបត្តិការណ៍ខាងលើនេះ គឺធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រហូតបង្ក្រាបបានក្រុមជនសង្ស័យ បានចំនួន៦នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធី៍សាត់ ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តចាត់ការតាមច្បាប់៕