លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៣៣ នៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស

22

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាព្រឹកថ្ងៃអង្គារថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់ឆ្នាំលើកទី១៤ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (៤ កញ្ញា ២០០៩-៤ កញ្ញា ២០២៣)។

ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣៣ខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួររំលឹកថា បញ្ជាការដ្ឋានអង្គរក្សបានផ្តើមចេញពីកងវរសេនាតូចលេខ២៤៦ អតីតចំណុះយោធាក្រុងភ្នំពេញ ហើយវរសេនាតូចនេះ ត្រូវបានប្រកាសបង្កើតដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩០ នាសម័យរដ្ឋកម្ពុជា។ ដឹកនាំបញ្ហាដោយឯកឧត្តមនាយឧត្តមសេនីយ៍ គៀង សាវុធ គណៈបញ្ជាការយោធាក្រុងភ្នំពេញនាសម័យនោះ បន្ទាប់មកបានចាត់បញ្ជូន ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុគណៈបញ្ជាការយោធាក្រុងភ្នំពេញ មកគ្រប់គ្រងជាមេបញ្ជាការ កងវរសេនាតូចលេខ២៤៦។
ដោយមើលឃើញពីវិរភាពអង់អាចក្លាហាន និងភាពស្មោះត្រង់របស់ឯកឧត្ដមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងមានការជឿទុកចិត្តខ្ពស់ពីអគ្គសេនាធិការ ពីក្រសួងការពារប្រទេស និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ បានបញ្ជាឱ្យឯកឧត្ដមនាយឧត្តមសេនីយ៍ គៀង សាវុធ និងឯកឧត្ដម ជា សុផារ៉ា អតីតជាអភិបាលរងក្រុងភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងភ្នំពេញនាសម័យនោះ ចាត់បញ្ជូនកម្លាំង ១២រូបដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហ៊ីង ប៊ុនហៀង លោកឧត្ដមសេនីយ៍ទោ ហ៊ុយ ពិសិដ្ឋ លោកវរសេនីយ៍ឯក ចៅ តុល ដើម្បីមកបម្រើការងារការពារសន្តិសុខផ្ទាល់ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩២។

ក្នុងនាមអតីតជានាយទាហាន នៃកងវរសេនាតូចលេខ២៤៦ ក្នុងសម័យបង្រួបបង្រួមជាតិ មានការវិវឌ្ឍរីកចម្រើនធំធាត់ជាលំដាប់ និងសំណូមពរភារកិច្ចចាំបាច់ ទើបបានបន្ថែមក្របខណ្ឌឱ្យបង្កើតជាវរសេនាតូចលេខ២ អង្គរក្សសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងបានកាត់ផ្ទេរក្របខណ្ឌ មកចំណុះក្នុងក្របខណ្ឌកងពលតូចលេខ៧០។

ដោយមើលឃើញពីទំហំការងារដ៏សំខាន់ក្នុងភារកិច្ចការងារ ការពារសន្តិសុខសុវត្ថិភាពជាចំបង ទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបង្កើតទៅជាបញ្ជាការដ្ឋានអង្គរក្ស តាមអនុក្រឹត្យលេខ១៤៨ អនក្រ.បក ចុះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៩ ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ រហូតដល់បច្ចុប្បន្ន៕