រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកដំបូងបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន នាសប្តាហ៍ក្រោយ ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសរំលេចលើទំព័រហ្វេសប៊ុកថា នៅថ្ងៃចន្ទទី៤ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា។ ឯកឧត្តមបន្តថា សម្រាប់កម្ពុជាដែលជាសមាជិករបស់អាស៊ានតាំងពីឆ្នាំ១៩៩៩មកនោះ ជំនួបកំពូលទាំងអស់នេះ ជាបន្តុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសរំលេចទៀតថា សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីកម្ពុជា ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ។ ម្យ៉ាង ពីព្រោះជាលើកទីមួយបង្អស់ហើយ ដែលឯកឧត្តមបណ្ឌិត, ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជាតាំងពីថ្ងៃទី២២ សីហា មកនោះ នឹងបង្ហាញមុខជាផ្លូវការលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ពីព្រោះនៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ នៅទីក្រុងចាកាតា ឯកឧត្តមបណ្ឌិត នឹងមានឈ្មោះជាមេដឹកនាំកំពូលក្មេងជាងគេបង្អស់ក្នុងចំណោមមេដឹកនាំកំពូលបច្ចុប្បន្នទាំង១០រូបរបស់អាស៊ាន។ ម្យ៉ាងចុងក្រោយទៀត ពីព្រោះពីថ្ងៃទី០៥ ដល់ថ្ងៃទី៧ ខែកញ្ញា ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ នៅទីក្រុងចាកាតា ដដែល, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឃើញ, នឹងចាប់ដៃ, នឹងជួបជាផ្លូវការ ឬក្រៅផ្លូវការជាមួយ ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន១៧នាក់យ៉ាងតិច ដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៉ី, អូស្ត្រាលី, និង នូវែលសេឡង់។
ភ្ជាប់ជាមួយព្រឹត្តិការណ៍នេះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើង ប្រជាជាតិកម្ពុជាទាំងមូលគួរតែ និងត្រូវតែមានមោទនភាព ពីព្រោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់ហើយទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារឧត្តមប្រយោជន៍ជាតិយើងនៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារផលប្រយោជន៍រួមរបស់អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន។ បញ្ហាតំបន់ និងបញ្ហាអន្តរជាតិដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកលដែលបាន និងកំពុងបន្តជះផលអវិជ្ជមានមកលើជាតិមាតុភូមិ។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងដែរថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាពហួសពីគ្រប់គ្រាន់ និង មានឆន្ទៈមោះមុតខ្លាំងណាស់ ដើម្បីលើកតម្កើងមុខមាត់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ ម្ល៉ោះហើយ ប្រជាជាតិកម្ពុជាទាំងមូលគួរតែ និងត្រូវតែរួបរួមគ្នាជាធ្លុងមួយ នៅពីក្រោយមេដឹកនាំប្រកបដោយថាមពលរបស់យើងរូបនេះ ដែលអាស៊ាននិងពិភពលោក នឹងសម្លឹងមើលហើយវាយតម្លៃ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី សប្តាហ៍ក្រោយនេះ៕