លោកអភិបាលខេត្តសៀមរាប នឹងចាត់ក្រុមការងារចុះទៅជួបកុមារី ឈ្មោះ គន្ធា នៅថ្ងៃស្អែកនេះ

3336

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នាល្ងាចថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ឯកឧត្តម នឹងចាត់ក្រុមការងារចុះទៅជួបកុមារីឈ្មោះ គន្ធា នៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ ដើម្បីមើលស្ថានភាព និងជួយឧបត្ថម្ភផងដែរ។


បើតាមបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះថា ក្មួយស្រីឈ្មោះ គន្ធា មានអាយុទើបតែ៨ឆ្នាំ រៀនថ្នាក់ទី១ រស់នៅក្នុងស្រុកពួក ខេត្តសៀមរាប លើផ្ទៃបឹងទន្លេសាប ដែលត្រូវជិះស្នោរទៅរៀន ចម្ងាយពីផ្ទះទៅសាលាប្រហែល១គីឡូម៉ែត្រ ដោយឪពុកជាប់ទៅធ្វើការ ខណៈម្ដាយមានកូនតូចៗចំនួន០២នាក់ផ្សេងទៀត ដែលត្រូវមើលថែ ដែលកុមារីរូបនេះត្រូវបង្ខំចិត្តទៅរៀនជិះស្នោរឆ្លងទឹកតែម្នាក់ឯង។


បើយោងតាមអ្នកគ្រូនាយកសាលា បានឲ្យដឹងថា សាលារបស់យើងមានសម្ភារៈដែលទទួលបានពីអង្គការដៃគូគាំទ្រដែល ប៉ុន្តែសម្ភារៈទាំងនឹងមិនអាចថាគ្រប់គ្រាន់សម្រាប់សិស្សក្នុងមួយឆ្នាំសិក្សានេះទេ។ អ្នកគ្រូនាយកសាលា បានបន្តថា សាលាមានតែជំរុញលើកទឹកចិត្តឲ្យកូនរៀនបន្តយ៉ាងតិចណាស់បានជាប់ត្រឹមថ្នាក់ទី១២ តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។
ចំណែកឯ លោកគ្រូបន្ទុកថ្នាក់ បានឲ្យដឹងថា មួយរយៈនេះក្មួយស្រីឈ្មោះ គន្ធា បានទៅរៀនជាប់លាប់ ដោយសារក្មួយស្រីមានមធ្យោបាយខ្លួនឯង មួយរយៈមុនក្មួយស្រីមិនអាចជិះស្នោមករៀនបានទេដោយសារផ្ទះនៅឆ្ងាយពីសាលាទើបធ្វើឲ្យក្មួយស្រីមានអវត្តមានច្រើន ៕