ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ នាព្រឹកនេះ

12

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។បើតាមឯកឧត្ដមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា ជំនួបសំណេះសំណាលនាថ្ងៃស្អែកនេះ មានកម្មករ និយោជិតចូលរួមសរុប ១៨,២៨៩នាក់។ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។
ឯកឧត្ដមបណ្ឌិត ហេង សួរ បានឱ្យដឹងថា កម្មករ និយោជិតដែលមានចំនួនជិត ២ម៉ឺននាក់នេះ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១៤នេះ មានរោងចក្រកាត់ដេរចំនួន៨, ផលិតស្បែកជើងចំនួន១, តម្បាញចំនួន២ និងបោកគក់សម្លៀកបំពាក់ចំនួន៣។


ឯកឧត្ដមរដ្ឋមន្ត្រី បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតជាង ១៥ម៉ឺននាក់ ស្រូបទាញបានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ឯកឧត្ដមបណ្ឌិត ហេង សួរ បានឱ្យដឹងផងដែរថា ក្នុងចំណោមរោងចក្រ សហគ្រាស៤៨៣នេះ មានរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន១៧១ មានកម្មករ និយោជិតជាង ១៣ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមជាង ៤១១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកណ្តាលជាខេត្តឈរលំដាប់ទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន ៕