(ភ្នំពេញ)៖ ស្ថានការណ៍សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែក្តៅឡើងៗគិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃហើយ ដែលកងទ័ពរបស់រុស្ស៉ី បានវាយចូលកាន់កាប់ ទីក្រុងធំៗ និងតំបន់ជាច្រើននៅក្នុងទឹកដីរបស់អ៊ុយក្រែន។ ពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមដែលពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងនេះ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាន៍ និងបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចផងដែរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
នៅថ្ងៃអាទិត្យនេះ, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ជាមួយ ទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចទាំងស្រុងដូចខាងក្រោម៖
តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្កាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី។
ការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអ៊ុយក្រែន និងរុស្ស៉ី រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងយោធារបស់រុស្ស៉ីសម្លាប់យោធារបស់អ៊ុយក្រែន មិនដល់១០០០នាក់នោះទេ បើទោះបីចូលកាន់កាប់ទីក្រុងមួយចំនួនក៏ដោយ តើត្រូវការរយៈពេលប៉ុន្មានថ្ងៃ និងកងទ័ពច្រើនប៉ុន្មានណា ទើបអាចឈ្នះសង្រ្គាម ឬបញ្ចប់សង្រ្គាមនេះ ប្រហែលជាមិនអាចនោះទេ បើទោះបីរុស្ស៉ីចូលកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូល និងប្រធានាធិបតីត្រូវបានសម្លាប់ ឬត្រូវចាប់ខ្លួនតើប្រជាជនរបស់គេ (អ៊ុយក្រែន) សុខចិត្តនៅស្ងៀមទេ ប្រជាជនអាចនឹងក្រោកឡើងតស៊ូ ដើម្បីប្រទេសរបស់ពួកគេ ចូលក្រឡេកមើលប្រទេសមួយចំនួនដូចជា អ៉ីរ៉ាក់ ស៊ីរី លីប៊ី តើរហូតមកដល់ពេលនេះបានបញ្ចប់សង្រ្គាម ទទួលបានសន្តិភាពហើយឬនៅ ?
រុស្ស៉ី អាចនឹងផុងខ្លួននៅក្នុងទឹកដីរបស់អ៊ុយក្រែន ប្រសិនរុស្ស៉ីត្រូវទុកកងទ័ពរយៈពេលយូរក្នុងទឹកដីអ៊ុយក្រែន ដែលមានជាបទពិសោធន៍រួចហើយសម្រាប់កងទ័ពសូវៀត នៅអាហ្វហ្គានីស្ថាននាទសវត្សរ៍១៩៨០ និងកងទ័ពអាមេរិកនិងណាតូ នៅអាហ្វហ្គានីស្ថានក្នុងសតវត្សទី២១។ កិច្ចការសំខាន់បំផុតនៅចំពោះមុខនោះ គឺការចរចាដោយសន្តិវិធី ដោយផ្តល់នូវប្រយោជន៍គ្នាទៅវិញទៅមក ទើបឈានដល់ការបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា និងរកឃើញសន្តិភាពយ៉ាងពិតប្រាកដ។ ដូចដែលខ្ញុំធ្លាប់លើកឡើងជាច្រើនដងរួចហើយថា ខ្ញុំគ្មានជំនឿថាយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបាននោះទេ។ ទីកន្លែង និងពេលវេលាចរចាមិនគួរក្លាយជាឧបសគ្គ
សម្រាប់ការចចារនោះឡើយ ព្រោះវានាំដល់ពន្យាការឈឺចាប់សម្រាប់ប្រជាជនដែលពេលនេះកំពុងរត់ភៀសខ្លួន និងជ្រកក្រោមជំរកសុវត្ថិភាពគួរឱយអាណិត។
កម្ពុជាទទួលបានសន្តិភាពពេញលេញដូចសព្វថ្ងៃ ប្រជាជនរស់នៅសុខសាន្តពោរពេញដោយសេចក្តីសុខ ក៏ដោយសារចរចារដោយសន្តិភាព ជាមួយនឹងនយោបាយឈ្នះឈ្នះ កាលពីឆ្នាំ១៩៩៨ បើមិនមានការចរចាសន្តិវិធីរកសន្តិភាពនោះទេ ប្រហែលជាពេលនេះកម្ពុជាអាចនឹងកំពុងស្ថិតនៅក្នុងសង្រ្គាមក៏អាចថាបានដែរ ហើយនៅពេលនេះខ្ញុំ
ក៏សូមអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន៕