មេតុងទីនឈ្មោះ ហឿន ស្រីតុន បានសម្រេចដាក់ពាក្យប្ដឹងកូនតុងទីនឈ្មោះ កេស គុន្ធា និងឈ្មោះ សោម វឌ្ឍនៈ ដែលមានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៥ ផ្លូវលេខ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង១ រាជធានីភ្នំពេញ ទៅកាន់ឯកឧត្តមព្រះរាជអាជា្ញ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត» តាមមាត្រា៣៩១ នៃក្រមព្រហ្មទណ្ឌ និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងពាក្យបណ្ដឹងមេតុងទីនឈ្មោះ ហឿន ស្រីតុន បានបញ្ជាក់ឲ្យដឹងថា រូបគាត់ជាមេតុងទីនត្រូវបានកូនតុងទីន ឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ បានស្នើសុំរូបគាត់ដេញប្រមូលប្រាក់តុងទីនពីរូបគាត់ជាច្រើនដង ដោយមានការបញ្ជាក់អះអាងថា ខ្លួនមានទ្រព្យធានា នឹងចេញមូលប្បទានបត្រ តម្កល់ដាក់ធានា ព្រមទាំងបានអះអាងថា ជាម្ចាស់បុរីខេមរភូមិ។
មេតុងទីនឈ្មោះ ហឿន ស្រីតុន បានបញ្ជាក់ទៀតថា ឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ បាននាំក្រុមគ្រួសាររបស់គាត់ទៅលេងដល់ផ្ទះក្នុងការបង្ហាញទ្រព្យ ដើម្បីធ្វើឲ្យរូបគាត់ជឿទុកចិត្ត ហើយរាល់ពេលដែលរូបគាត់ធ្វើផ្ទេរប្រាក់ពីគណនីរបស់គាត់ឈ្មោះ ហឿន ស្រីតុន (HOEURN SREYTON) មានគណនីលេខ ០០៨១០១៩៩០ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា (ABA) ទៅគណនីឈ្មោះរួម របស់ឈ្មោះ សោម វឌ្ឍនៈ និងឈ្មោះ កេស គន្ធា (SORM VATTANAK AND KES KUNTHEA) មានគណនីរួម លេខ ០០៣៣៨៨៨៨០ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា (ABA) ។ ឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ បានធានាអះអាងបែបនេះហើយ ទើបរូបគាត់សម្រេចចិត្តយល់ព្រមឲ្យ ដេញប្រមូលប្រាក់តុងទីនជាច្រើនលើកសរុបមានទឹកប្រាក់ចំនួន៥៦៧,១៧១ដុល្លារ។
មេតុងទីនខាងលើបានបន្តថាឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ បានដាក់ធានាតម្កល់មូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួន៣ រួមមាន៖ *ទី១.ចេញមូលប្បទានប័ត្រលេខ ១២១៤៤៩ គ្មានសាច់ប្រាក់ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន១០០,០០០ដុល្លារ របស់ធនាគារជីពម៉ុង (CHIP MONG BANK)។ *ទី២. ចេញមួលប្បទានប័ត្រលេខ ២៧៩៣៧៤ គ្មាន សាច់ប្រាក់ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន៥០០,០០០ដុល្លារ របស់ធនាគារប្រៃសេលីយ៍កម្ពុជា ក.អ (CAMBODIA POST BANK PLC.) និង*ទី៣. ចេញមូលប្បទានប័ត្រលេខ ២៧៩៣៤២ គ្មានសាច់ប្រាក់ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន៦០,០០០
ដុល្លារ របស់ធនាគារប្រៃសេណយ៍កម្ពុជា ក.អ (CAMBODIA POST BANK PLC.) ដើម្បីយកមកទូទាត់ប្រាក់ដែលជំពាក់រូបគាត់។ ប៉ុន្តែនៅថ្ងៃទី០៧,ទី១៧,ទី២០ ខែមីនា ឆ្នាំ២០២៣ ពេលដែលរូបគាត់បានទៅធ្វើការដកប្រាក់ពីមូលប្បទានបត្រធនាគារខាងលើដើម្បីធ្វើការទូទាត់ប្រាក់ គឺមូលប្បទានប័ត្ររបស់ឈ្មោះ កេស គុន្ធា មិនមានសាច់ប្រាក់នោះទេ។
មេតុងទីនឈ្មោះ ហឿន ស្រីតុន បានបន្ថែមទៀតថា សកម្មភាពរបស់ឈ្មោះ កេស គុន្ធា និង ឈ្មោះ សោម វឌ្ឍនៈ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីចេតនាទុច្ចរិត ក្នុងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់) និងបានគៃបំបាត់ប្រាក់របស់រូបគាត់ដែលបានបង់ប្រាក់ឲ្យកន្លងមក ក៏ដូចជាប្រាក់កូនតុងទីនផ្សេងទៀត យកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដែលជាមូលហេតុធ្វើប៉ះពាល់ដល់ផលប្រយោជន៍របស់រូបគាត់យ៉ាងធ្ងន់ធ្ងរ។
មេតុងទីនខាងលើបានបញ្ជាក់បន្តថា ទង្វើរបស់ឈ្មោះ កេស គន្ធា និងឈ្មោះ សោម វឌ្ឍនៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ដែលមិនអាចអត់ឱនឲ្យបានឡើយ ហេតុដូចនេះទើប រូបគាត់សម្រេចចិត្ត ដាក់ពាក្យ
បណ្តឹងគោរពចូលទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីស្នើសុំឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការការឃាត់ខ្លួនឈ្មោះ កេស គន្ធា និង ឈ្មោះ សោម វឌ្ឍនៈ តាមនីតិវិធីច្បាប់។
គួរជម្រាបជូនថា នៅក្នុងពាក្យបណ្ដឹង មេតុងទីនឈ្មោះ ហឿន ស្រីតុន បានសំណូមពរ ឯកឧត្ដមព្រះរាជអាជ្ញា មេត្តាចាត់ការតាមនីតិវិធី៖
*ទី១. ចោទប្រកាន់លើឈ្មោះ កេស គុន្ធា និង ឈ្មោះ សោម វឌ្ឍនៈ តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់ ។
*ទី២.បង្កាប់ឲ្យឈ្មោះ កេស គុន្ធា និងឈ្មោះ សោម វឌ្ឍនៈ ធ្វើការទូទាត់សងប្រាក់ចំនួន៥៦៧,១៧១ដុល្លារ មកឲ្យរូបគាត់ឈ្មោះ ហឿន ស្រីតុន វិញ។
*ទី៣. សុំទាមទារសំណងជំងឺចិត្ត ព្យសនកម្ម និងសេវាផ្សេងៗចំនួន១៥០,០០០ដុល្លារ។
គួរជម្រាបជូនទៀតថា កូនតុងទីនឈ្មោះ កេស គុន្ធា និងឈ្មោះ សោម វឌ្ឍនៈ ដែលមានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ១៥ ផ្លូវលេខ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង១ រាជធានីភ្នំពេញ ត្រូវបានលោក ឡុង ស៊ីថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្លាប់ចេញដីកាកោះចំនួន២លើកមកហើយ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ឈ្មោះ ហឿន ស្រីតុន ពីដំណើររឿង «រំលោភលើទំនុកចិត្ត» និង«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»៕